ហ្វ៊ីលីពីនគ្រោងពង្រីកការហោះហើរត្រង់មកកាន់ទីក្រុងសៀមរាប បន្ទាប់ពីរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វ៊ីលីពីនប្រ​ចាំ ព្រះរាជាណាចក្រកម្ពុជាថ្លែងថា ហ្វ៊ីលីពីនគ្រោងនឹងពង្រីកការហោះហើរ​ត្រង់ មកកាន់​ខេត្ត​សៀមរាប ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីហ្វ៊ីលីពីនបានបើកការហោះហើរត្រង់ ពីទីក្រុង​ម៉ា​នី​ល មកកាន់រាជធានីភ្នំពេញ កាលពីដើមខែមេសានោះ។

នេះបើតាមការឱ្យដឹងពី ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់​ពី​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អ​នុ​ញ្ញាតឱ្យឯកឧត្ដម Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វ៊ីលីពីន​ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០​១​៩ ​នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមបញ្ចប់អាណត្តិ បេសកកម្មការទូត នៅកម្ពុជា។

នៅ​​​​​ក្នុងជំនួបនោះ   ឯកឧត្ដមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីក ចម្រើននៅកម្ពុជា ជា​ពិសេសនៅក្នុងរាជធានីភ្នំពេញ មានការរីកដុះដាលយ៉ាងច្រើន នូវវិស័យសំណង់។ ព្រមជា​មួ​យនោះ ឯកឧត្តម ក៏បានលើកឡើងផងដែរ ពីបញ្ហាចរាចរ គឺមានការរីកចម្រើន ដែលមាន​កា​រ​​កកស្ទះយ៉ាងច្រើន នៅរាជធានីភ្នំពេញ។ ដោយឡែក ចំពោះផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ឯ​ក​​ឧត្តមបានវាយតម្លៃថា បច្ចុប្បន្នប្រជាជនកម្ពុជា គឺមានការរីកចម្រើនច្រើន។  ពាក់ព័ន្ធទៅនឹង ការ​បោះ​ឆ្នោតរបស់កម្ពុជា កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្ដមមានប្រសាសន៍ថា ហ្វ៊ីលីពីនជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលបានទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត​រប​ស់​កម្ពុជា មុនដំបូងគេបង្អស់។ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា នៅក្នុងអាណត្ដិ រយៈពេល​៤​​ឆ្នាំរបស់ឯកឧត្តម គឺសម្ដេចតេជោ បានធ្វើដំណើរទស្សនកិច្ចពីរលើក ទៅកាន់ប្រទេសហ្វ៊ីលីពីន​ ហើយឯកឧត្តមប្រធានាធិបតី ហ្វ៊ីលីពីនក៏បានបំពេញដំណើរទស្សនកិច្ច មកកាន់កម្ពុជា​ចំ​នួ​ន​ពីរលើក​ផងដែរ។

ឯកឧត្តម Christopher Baltazar MONTERO បានជម្រាបជូន សម្តេ​ច​តេ​ជោ​ផងដែរថា ឯកឧត្តមបានជំរុញឱ្យ វិនិយោគិនហ្វ៊ីលីពីន មកបណ្ដាក់ទុនវិនិយោគនៅក្នុង ​ប្រ​ទេ​សកម្ពុជា ហើយនៅក្នុងអាណត្តិរយៈពេល៤ឆ្នាំនេះ ឯកឧត្តមពិតជារីករាយ នៅក្នុង​ការរីក​ចម្រើ​នរបស់ប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការលើកឡើង របស់ឯកឧត្តម​ឯក​អគ្គរដ្ឋទូតហ្វ៊ីលីពីន ហើយនៅក្នុងអាណត្តិ របស់ឯកឧត្តម គឺទំនាក់ទំនងរវាង​ប្រទេស​ទាំ​ង​ពី​រ(កម្ពុជា និងហ្វ៊ីលីពីន) មានការរីកចម្រើនយ៉ាងច្រើន។ សម្ដេចបានបញ្ជាក់ថា ក្នុងចំណោម​ការ​រីកចម្រើន នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនោះ គឺចំណុចដែលសម្ដេច​សប្បា​យ​រីក​រាយជាងគេ គឺការបើកជើងហោះហើរផ្ទាល់ ពីហ្វ៊ីលីពីនមកកាន់កម្ពុជា ដែលនេះធ្វើ​ឱ្យ​ប្រ​ជា​ព​លរដ្ឋ រវាងប្រទេសទាំងពីរ មានការតភ្ជាប់គ្នា។

សម្ដេចតេជោបញ្ជាក់ថា នេះគឺជាជោគ​ជ័យ​មួ​យ​ រវាងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា យើ​ងគួរតែ​បន្តជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ក្នុងជំនួបនោះដែរ ឯកឧ​ត្ដ​ម​​ឯកអគ្គរដ្ឋទូតហ្វ៊ីលីពីន បានមានប្រសាសន៍ ជម្រាបជូនសម្ដេចតេជោដែរថា បច្ចុប្បន្ននេះ រដ្ឋា​ភិ​​បាលហ្វ៊ីលីពីនកំពុងដូរច្បាប់ នៃការនាំចូលអង្ករទៅកាន់ប្រទេសហ្វ៊ីលីពីន

ដែល​ពី​ដើម​ឡើ​យ ត្រូវធ្វើការដេញថ្លៃ ប៉ុន្តែច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យ ក្រុមហ៊ុនឯកជននាំចូល។ សម្តេច​តេ​ជោ​ បានបង្ហាញការពេញចិត្តចំពោះចំណុចនេះ សម្ដេចចង់ឃើញអង្ករកម្ពុជាចូលទៅកាន់ទីផ្សាររ​ប​​ស់ហ្វ៊ីលីពីន ដែលនេះជាឱកាសតភ្ជាប់ថ្មី ដែលអាចឱ្យកម្ពុជានាំអង្ករចូល​ទៅកាន់ហ្វ៊ីលីពីន៕

ដោយ ជឹម ណារី