រដ្ឋមន្រ្តីក្រសួងការពារជាតិចង់ឱ្យពលរដ្ឋឈ្វេងយល់ពីផលវិបាកនៃការលាបពណ៌ និងចូលរួមទប់ស្កាត់កុំឱ្យកើតមានលើកម្ពុជាបន្តទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងការពារជាតិ ចង់ឱ្យប្រជាពលរដ្ឋកម្ពុជាសិក្សាឈ្វេងយល់ពីផលវិបាក​នៃការ​លាបពណ៌ដែលជាមូលហេតុធ្វើឱ្យកម្ពុជាកើតមានសង្រ្គាម មិននឹកស្មានដល់។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តី​ក្រសួងការពារជាតិក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានសរសេរថា ការ លាបពណ៍ជា​មូលហេតុចម្បងដែលធ្វើឱ្យប្រជាជាតិយើងស្អប់គ្នា យកគ្នាជាសត្រូវ និងសង សឹកគ្នារហូតដល់ការកកើតសង្រ្គាមដែលមិននឹកស្មានដល់។ សម្តេចពិជ័យសេនាសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងឈ្វេងយល់អំពីរូបភាព និងផលវិបាកនៃការលាបពណ៍ និងរួម គ្នាទប់ស្កាត់ឱ្យ​ខានតែបាននូវរាល់សកម្មភាពលាបពណ៌នៅក្នុងសង្គមកម្ពុជា។

ឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនេះ អ្នកជំនាញផ្នែក នយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការលាបពណ៌ និងការរើសអើងនេះ គឺពិតជាមានផលប៉ះពាល់ធំណាស់សម្រាប់សង្គមកម្ពុជា។ ជាក់ស្តែងដូចជាការធ្វើ រដ្ឋប្រហារ ទម្លាប់សម្តេចព្រះបរមរតនកោដ្ឋ កាលពីសម័យឆ្នាំ១៩៧០ ដែលកើតចេញពីការលាបពណ៌ នេះឯង។

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅរសៀលថ្ងៃទី២៤ ខែមេសានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា បញ្ហា​ការលាបពណ៌ និងការរើសអើងនេះ នៅតែកើតមាននៅកម្ពុជាឡើយ គ្រាន់តែវាតិចជាង មុន បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៨កន្លងមក។ ឯកឧត្តមបណ្ឌិតលើកឡើងថា ការ​លាប​ពណ៌ និងការអើសរើងនេះ គឺផ្តើមចេញពីរបៀបវារៈនយោបាយបរទេស ហើយដើម្បីលុប​បំបាត់បញ្ហានេះបានលុះត្រាតែកម្ពុជាពង្រឹងផ្នែកអប់រំ និងផ្លូវច្បាប់ឱ្យបានរឹងមាំ។

ឯកឧត្ដមបណ្ឌិតបន្តថា កម្ពុជាត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់យុវជន ប្រជាពលរដ្ឋឱ្យ​បានឈ្វេងយល់កាន់តែទូលំទូលាយអំពីរឿងរ៉ាវប្រវត្តិសាស្រ្តដែលកម្ពុជាបានឆ្លងកាត់ដោយសារតែការលាបពណ៌ និងការរើសអើងនេះ។ ជាមួយគ្នានេះដែរ ត្រូវពង្រឹងឱ្យបានខ្លាំងក្លា​នូវ​ការអនុវត្តច្បាប់លើបញ្ហាទាំងនេះ ដើម្បីចៀសវាងកុំឱ្យមានបញ្ហាដូចកាលពីអតីតកាល៕

ដោយ ចាន់ សុធីវង្ស