អនុស្សរណៈកិច្ចសហប្រតិបត្តិការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងថ្មី ព្រះសីហនុ-ឆ្នេរមាសឆ្នេរប្រាក់ ត្រូវបានចុះហត្ថលេខា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ — អនុស្សរណៈកិច្ចសហប្រតិបត្តិការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងថ្មីព្រះសីហនុ-ឆ្នេរ មាសឆ្នេរប្រាក់ រវាងក្រុមហ៊ុន យិៈចៀ ធួរីហ្សីម ឌីវេឡុបមេន ខមភេនី និងក្រុមហ៊ុន ចុងស៊ីងរបស់ចិន ត្រូវបានចុះហត្ថលេខា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នេះនៅសណ្ឋា គារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។លោក YANG JIANPING អគ្គនាយកក្រុមហ៊ុនយិៈចៀ ធួរីហ្សីម ឌីវេឡុបមេនខមភេនី ថ្លែងថា អនុស្សរណៈដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន ចុងស៊ីង របស់ចិននាពេលនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងថ្មី ព្រះសីហនុ-ឆ្នេរមាសឆ្នេរប្រា​ក់​។ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន៖ ផ្លូវថ្នល់ និងប្រព័ន្ធបង្ហូរទឹកជិត ១០០គីឡូម៉ែត្រ ស្ថានីយអគ្គិសនីជាច្រើនកន្លែង ស្ថានីយនិយ័តករជាង ១០កន្លែង ខ្សែកាប ក្រោមបាតសមុទ្រ ខ្សែអុបទិក រោងចក្រទឹកស្អាត រោងចក្រប្រព្រឹត្តកម្មទឹកស្អុយ រោងចក្រសំអាតសំរាម កំពង់ផែទំនិញ កំពង់ទូកទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀត ដែលនិងបង្ហាញឱ្យឃើញនូវពន្លកនៃទីក្រុងថ្មីព្រះសីហនុ ឆ្នេរមាសឆ្នេរប្រាក់ នឹងដុះចេញពីដីលេចជារូបរាងទីក្រុងអភិវឌ្ឍន៍សេដ្ឋកិច្ចបែបថ្មី ទំនើប និងអន្តរជាតិ។

លោកអគ្គនាយកក្រុមហ៊ុន ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុន យិៈចៀ ធួរីហ្សីម ឌីវេឡុបមេន ខមភេនី ជាក្រុមហ៊ុនសម្ព័ន្ធនៃក្រុមហ៊ុនយូណាយ អ៊ីនធឺណេសិនណល(ខេមបូឌា) ហ្វរេន អ៊ិនវេសមេន គ្រុប ខមភេនី លីមីធីត ដែលមានដីសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សាងសង់ទីក្រុងថ្មីទំហំ ៣៣០០ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ ”រាម” ខេត្តព្រះសីហនុ។ ទីក្រុងអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយនេះ នឹងមានមជ្ឈ​មណ្ឌ​លសន្និបាតអាស៊ីអាគ្នេយ៍ដ៏ទំនើប មជ្ឈ​មណ្ឌលថែទាំសុខភាព និងវេជ្ជសាស្ត្រ មជ្ឈ​មណ្ឌ​ល​ទូទាត់សាច់ប្រាក់យ័ន និងអន្តរកម្មហិរញ្ញវត្ថុនៅក្នុងសម័យ5G  អគារមូលដ្ឋានគ្រឹះ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអន្តរថែទាំ និងផ្នែកវេជ្ជសាស្ត្រតាមអ៊ីនធើណេតសកល អគារមូលដ្ឋានគ្រឹះអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអន្តរជាតិ សណ្ឋាគារវិស្សម កាលជាមួយនិងសេវាដ៏ឆ្លាតវៃជាច្រើនអគារទៀត។ លើសពីនេះក៏បានគ្រោងសហការជាមួយ ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីលើ ផលិតផលបច្ចេកវិទ្យាមានពន្ធ និងរួចពន្ធផងដែរ។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខានេះក៏ត្រូវបានអញ្ជើញចូលរួមជាសាក្សី ផងដែរពីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា និង លោក LI AN ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីលោក TIE GONG ទីប្រឹក្សាប្រចាំស្ថានទូតកម្ពុជា នៅប្រទេសចិន, លោក CHEN YUAN ប្រធានសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិចិន, លោក XIN QI អនុប្រធានសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិចិន, លោក HUANG BIN ប្រធាន CITIC អន្តរជាតិ និងជាប្រធានសមាគមសហគ្រិនតំបន់ឆ្នេរហុងកុង និងម៉ាកាវ និងលោក ZHOU PENG អនុប្រធានផ្នែកអាស៊ីនៃសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិចិន រួមនិងមេបញ្ជាការ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងសមាជិកសមាគមផ្សេងៗជាច្រើន រូបទៀត៕

ដោយ ប៉ាល់ សុង