ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយ រឹត​បន្តឹងសុវត្ថិភាព​សណ្តាប់ធ្នាប់សាធារណៈ

AKP ​ព្រះសីហនុ​ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ — នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រឹក​ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែ​មេសា​ ឆ្នាំ​២០១៩​ លោក​ឧត្តម​សេនីយ៍ទោ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ បាន​ដឹក​នាំ​កិច្ចប្រជុំ ដើម្បី​ពង្រឹង​វិន័យដល់កម្លាំង សមត្ថកិច្ចលើការងាររឹត​បន្តឹងសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ ក្នុង​ខេត្ត​ព្រះសីហនុ​ ដោយមានការចូលរួមពីអធិការ អធិកា ររងក្រុង ស្រុក ការិយាល័យជំនាញ។

លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ បានមាន​ប្រសាសន៍ណែនាំដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ដែលជាថ្នាក់ដឹកនាំតាម​ការិយាល័យជំនាញ អធិការ​ក្រុង​ ស្រុក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រដ្ឋ​ទាំង​២៩ ត្រូវ​យកចិត្ត​ទុកដាក់​ ពង្រឹង​វិន័យ​ការងារ​ ប្រមូល​ផ្តុំ​កម្លាំង​ បែង ចែកវេនប្រចាំការត្រូវមាន​បញ្ជី​វត្ត​មាន​ច្បាស់​លាស់​ ពិសេសស្លៀកពាក់ឯកសណ្ឋាន ត្រឹមត្រូវ ត្រៀមមធ្យោ បាយដឹកជញ្ជូន ដើម្បីចេញល្បាត និងធ្វើអន្តរាគមន៍បានទាន់ពេល វេលា ខណៈដែលមានហេតុការណ៍ណាមួយកើតឡើង នៅក្នុងមូលដ្ឋាន ពិសេសត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ លើភ្លើងឆេះព្រៃជាដើម ព្រោះរដូវនេះជារដូវប្រាំង មានភាពរាំងស្ងួត និងក៏ជាបញ្ហាប្រឈមនឹងភ្លើងផងដែរ។

លោកស្នងការ​បាន​ជំរុញ​ឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍សណ្តាប់​ធ្នាប់​ ត្រូវរឹតបន្តឹង ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកជា​ប្រចាំ​ ដោយម៉ឺងម៉ាត់បំផុត ឈរលើគោលការណ៍ ច្បាប់ និង​ជួយសម្រួល​ការ​កកស្ទះចរាចរណ៍ នៅតាម​ដងផ្លូវ​សាធារណៈមួយចំនួនជូន​ប្រជា​ពលរដ្ឋ​ អ្នក​ទេសចរណ៍ និង​វិនិយោគ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន មានការកកស្ទះចរាចរណ៍នៅតាមចំណុចគោលដៅមួយចំនួន ដោយសារតែកំណើនយាន យន្ត និងការវិនិយោគពីវិនិយោគក្នុងស្រុក និងក្រៅស្រុកយ៉ាងគំហុក ដូច្នេះយើងជាមន្ត្រីត្រូវ តែបំពេញការងារបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានស័ក្តិសមជាមន្ត្រីនគរបាលជាតិ៕

ដោយ ងូ សុមុនី