អាជ្ញាធររាជធានីភ្នំពេញ គ្រោង សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត នៅតំបន់ជើងឯក ដែលមានទឹកប្រាក់ប្រមាណ២៥លានដុល្លារសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានកិច្ចសហប្រតិបត្តិការ ពីអង្គការចៃកាប្រទេសជប៉ុន មានគម្រោង សាងសង់ស្ថានីយ៍ ប្រព្រឹត្តិកម្មទឹក កខ្វក់នៅតំបន់ជើង ឯក ដែលជាតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដើម្បីរំដោះទឹក កខ្វក់ ចេញពីក្នុងរាជធានីភ្នំពេញ ។


គម្រោងការនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំ នៅរដ្ឋបាលរាជធានីភ្នំពេញ រវាង មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន JICA ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៩ ស្ថិតក្នុងអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ការជួបពិភាក្សាការងាររវាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន JICAនោះ បានពិភាក្សាអំពីបញ្ហាដីសម្រាប់ការរត់បណ្ដាញខ្សែលូ របស់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អុយសម្រាប់ «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូ បង្ហូរទឹកកខ្វក់ក្នុង រាជធានីភ្នំពេញ » ដើម្បីដោះស្រាយ នូវបញ្ហាកង្វក់ទឹក នៅក្នុងរាជធានីភ្នំពេញ ។


រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច សាងសង់ស្ថានីយ៍ ប្រព្រឹត្ត កម្មទឹក កខ្វក់ ទី១ ស្ថិតនៅ ភាគខាង ត្បូង រាជធានីភ្នំពេញ ដោយបាន កំណត់យក តំបន់ជើង ឯកសម្រាប់ សាងសង់ស្ថានីយ៍ ក្រោមជំនួយ ឥតសំណងរបស់ រាជរដ្ឋាភិបាល ប្រទេស ជប៉ុន តាម រយៈទីភ្នាក់ ងារ សហប្រតិបត្តិការ អន្តរជាតិ ជប៉ុន JICA ។
មន្ត្រីដដែល បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង បានឯកភាព ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដីនគររូបនីយកម្មចុះ បោះបង្គោលព្រំនិងកាយអាចម៍ដី ដែលចាក់រំលោភប្រឡាយ យកដីចាក់តាមព្រំប្រឡាយ ដើម្បីទុកឲ្យអង្គការចៃកាទៅតាមតម្រូវការរបស់អង្គការនេះ ។
សូមបញ្ជាក់ថា គម្រោង សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកស្អាតនេះ ជាជំនួយឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ប្រមាណ២៥លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយ ឥតសំណងរបស់ រាជរដ្ឋាភិបាល ប្រទេស ជប៉ុន ៕ ២៤/០៤/២០១៩