ព្រឹទ្ធសភាវាយតម្លៃខ្ពស់ចំពោះការងាររបស់រដ្ឋាបាលថ្នាក់ក្រោមជាតិ ដែលផ្តល់សេវាសា​​ធារ​​ណៈ​ជូនប្រជាពលរដ្ឋបានល្អ

វិទ្យុជាតិកម្ពុជា៖ ដោយ ចេម ហួត

ព្រឹទ្ធសភាវាយតម្លៃខ្ពស់ចំពោះការងាររបស់រដ្ឋាបាលថ្នាក់ក្រោមជាតិទូទាំងប្រ​​ទេស​ដែលបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទាន់ពេលវេលា និងគ្មានអំពើពុករលួយស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នីតិកាលទី៤ដែលដឹកនាំដោយសម្តេចវិបុល សេនា​ភក្តីសាយ ឈុំប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមេសានេះ ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកអចិន្ត្រយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ក្នុងចន្លោះសម័យប្រជុំលើកទី២ និងទី៣នីតិកាលទី៤ នៃព្រឹទ្ធសភាកន្លងនេះ សមាជិកព្រឹទ្ធសភា ទាំង៨ភូមិភាគបានចុះទៅតាមមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីតម្រូវកាប្រជាពលរដ្ឋ និងជួយអន្តរាគមន៍ពេលប្រជាពលរដ្ឋជួបបញ្ហាផ្សេងទៅកាន់តស្ថាប័នពាក់ព័ន្ធជួយដោះស្រាយទាន់ពេលវេលា ។

ឯកឧត្តម បន្តថា ជាលទ្ធផល នៃការចុះតាមមូលដ្ឋាននេះ អង្គព្រឹទ្ធសភាបានធ្វើរបាយការណ៍រួមមួយដោយបានវាយតម្លៃ និងស្គាល់ពីការខិតខំរបស់អាជ្ញាធក្រុមប្រឹក្សាឃុំ សង្កាត់  និងមន្ត្រីថ្នាក់ក្រុង​ ស្រុក-ខណ្ឌដែលបានផ្តល់នូវសេវាសាធារណៈផ្សេងៗដូចជា សំបុត្រកំណើត  សំបុត្រ មណភាព សំបុត្រអាពាហ៍ពិហ៍ និងសេវាសាធារណៈផ្សេងៗទៀតដែលជាត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមួយគ្នានោះសមាជិកព្រឹទ្ធសភា បានកោតសរសើដល់រាជរដ្ឋាភិបាលដែលបានធ្វើប្រតិភូកម្មអំណាច អនុវត្តន៍ប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ  ជាពិសេសការបង្កើតការិយាល័យច្រកចេញចូលតែមួយធ្វើឲ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការមកទទួលនូវសេវាសាធារណៈកាន់តែងាយ លឿនរហ័ស និងចំណាយតិចបំផុត។

របាយការណ៍របស់ព្រឹទ្ធសភា ចន្លោះសម័យប្រជុំលើកទី២ និងទី៣ នីតិកាលទី៤ នៃព្រឹទ្ធសភាបានឲ្យដឹងដែរថា  សមាជិកព្រឹទ្ធសភាទាំងអស់ក៏បានសហការជាមួយអាជ្ញាធ និងស្ថាប័នរាជរដ្ឋាភិបាលក្នុងការជួយអន្តរាគមន៍ជួយជីកស្រះទឹក ជីកប្រឡាយ ធ្វើផ្លូវ និងជួយប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ដោយធម្មជាតិបានទាន់ពេលវេលាផងដែរ៕