អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែមេសា​ឆ្នាំ២០១៩ -នារសៀលថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារលូ អូរ ប្រឡាយ ដោយមានការចូលរួមពីអាជ្ញាធរភូមិ សង្កាត់ ក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ។

លោក  ហេង ប៉េងហាក់ ប្រធានសាខាក្រុមហ៊ុនប្រមូលសំរាម KSWM បានលើកឡើងបញ្ហាងាយស្រួល និងបញ្ហាប្រឈម នាពេលបច្ចុប្បន្ន ក្នុងនោះបញ្ហាប្រឈម រួមមាន៖ ទី១-ខ្វះកម្លាំងពលកម្ម, ទី២- ទីលានចាក់សំរាមនៅឆ្ងាយ, ទី៣-ការស្ទះ ចរាចរណ៍, ទី៤- ហេដ្ឋារចនា សម្ព័ន្ធមិនអាចចូលទៅប្រមូលសំរាមបាន ។ បច្ចុប្បន្នក្រុមហ៊ុនប្រមូលសំរាម គឺជាសំរាមចម្រុះ ដោយវេចខ្ចប់មិនបានញែកចេញ ដូចជាសំបកកេស និងកំប៉ុង ម្យ៉ាងទៀតសំរាមបានកើនឡើងជាបន្តបន្ទាប់ ហើយការបង់ថ្លៃសេវាប្រមូលសំរាមមិនបានទៀងទាត់ ។ លោកក៏បានសំណូមពរប្រជាពលរដ្ឋចូលរួមសហការ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទើបទីក្រុងរបស់យើងមានសោភណភាព ។

ដោយឡែកអាជ្ញាធរភូមិ និងសង្កាត់ទាំង៤ ក៏បានលើកឡើងនូវបញ្ហាប្រឈម នាពេលបច្ចុប្បន្នក្នុងក្រុងព្រះសីហនុ ដោយបានលើកឡើងថា ក្រុមហ៊ុនប្រមូលសំរាម KSWM មិនបានមកប្រមូលសំរាមបានទាន់ពេលវេលា និងមិនបានភ្ជាប់សេវាប្រមូលសំរាមជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយអាជ្ញាធរភូមិ សង្កាត់នៅរង់ចាំសហការជាមួយក្រុមហ៊ុនប្រមូលសំរាមដើម្បី ភ្ជាប់សេវាសំរាម និងប្រមូលសំរាមចេញពីក្រុងព្រះសីហនុ ក្នុងគោលបំណងលើកស្ទួយសោភណភាព បរិស្ថានល្អ ជាក្រុងទេសចរណ៍ឱ្យមានភាពទាក់ទាញ និងបៃតង។

លោកជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើការពិភាក្សា ពិគ្រោះយោបល់ និងបានវាយតម្លៃ ព្រមទាំងបានជំរុញឱ្យអាជ្ញាធរភូមិ សង្កាត់ ចូលរួមជាមួយក្រុមហ៊ុនប្រមូលសំរាម គឺទី១-រកទីតាំងដាក់ធុងសំរាម និងសហការជាមួយក្រុមហ៊ុន KSWM ប្រមូលសំរាមក្នុងការផ្ទេរដឹកសំរាមចេញបានទាន់ពេលវេលា ។ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងក្នុងការទុកដាក់ វេចខ្ចប់សំរាម និងបែងចែកពេលវេលាក្នុងការបញ្ចេញសំរាមនៅតាមទីតាំងដែលបានកំណត់ ។ ទី២-ចំពោះសំរាមដែលបោះចោលក្នុងអូរ ប្រឡាយ ត្រូវរួមគា្នដោះស្រាយ ចុះស្តារឡើងវិញ និងរកមធ្យោបាយកែលម្អអនាម័យ បរិស្ថាននៅតាមភូមិ សង្កាត់ ឱ្យមានសោភណ ភាព ជាទីក្រុងទេសចរណ៍ នាទិសនិរតី។ ពិសេសដោយសារតែនៅពេលខាងមុខរដូវភ្លៀងនឹងចូលមកដល់ ដើម្បីបញ្ចៀសការកកស្ទះសំរាមក្នុងអូរ ប្រឡាយ នាំឱ្យបង្កជាជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ៕

ដោយ ងូ សុមុនី