កសិករប្រកបរបរបណ្តុះផ្សិតអំបោះ នៅស្រុកសៀមបូកខេត្តស្ទឹងត្រែងស្វែងរកបច្ចេកទេសថែទាំ

វិទ្យុជាតិកម្ពុជា៖ដោយលោកគឹមហឿនខេត្តស្ទឹងត្រែង៖

កសិករប្រកបរបរបណ្តុះផ្សិតនៅភូមិដី.ឃុំអូរឫស្សីកណ្តាលស្រុកសៀមបូកខេត្តស្ទឹងត្រែងបានស្វែងរកបច្ចទេសថែទាំផ្សិតពីមន្ត្រីជំនាញកសិកម្មព្រោះរបរនេះកសិកមួយចំនួនចំណាយដើមទុនច្រើនក្នុងពេលផលិតតែមិនទទួលបានផល  ហើយនាំគ្នាសម្រេចចិត្តបោះបង់ចោល។

លោកស្រីអ៊ីដាវីកសិករបណ្តុះផ្សិតអំបោះ(ហៅថាផ្សិតខ្យង)បានត្អូញត្អែរថា៖នេះជាលើកទីមួយហើយដែលពួកគាត់ជួបប្រទះបញ្ហាបណ្តុះផ្សិតមិនដុះនៅក្នុងឆ្នាំនេះដែលជាការប្រឈមបង្កឱ្យខាតបង់ថវិការអស់ជាច្រើនលានរៀល។លោកស្រីបន្ថែមថា៖កន្លងមកផ្សិតឲ្យផលក្នុងមួយថ្ងៃជិត១០០គីឡូក្រាមហើយនៅឆ្នាំនេះធ្លាក់ចុះមកនៅមិនដល់១០គីឡូក្រាមផង។

(សម្លេង)៖ទាំងអស់១៣.០០០ថង់បើយើងបន្ទំវាគ្រាន់តែ១ខែវាដុះឥឡូវឡើងដល់ពីខែហើយអត់ដុះទៀតកន្លងមកដាក់មេហើយបន្ទំវាតែ៣០ថ្ងៃទេវាដុះហើយដល់យើងជួបបញ្ហាអញ្ចឹងទៅ២ខែហើយវាអត់ទាន់ដុះហើយផ្សេងទៀតវាទើបតែដើរបានពាក់កណ្តាលអញ្ចឹងយើងអត់ទាន់ដឹងថាវាយ៉ាងម៉េចទៀតទេ។

  លោកញ៉គ្រីយ៉ាអ្នកថែទាំផ្សិតនេះដែរបានអះអាងថា៖ទោះជាយ៉ាងណាលោកមិនបោះបង់ការបណ្តុះផ្សិតនេះឡើយនៅតស៊ូស្វែងរកវិធីសាស្ត្រដើម្បីជម្នះនូវបញ្ហាប្រឈមនេះព្រោះបើឈប់អាចបណ្តាលឲ្យបានបង់មុខរបរដែលខំបង្កើតបានមកហើយ។លោកសំណូមពរទៅមន្ត្រីជំនាញផ្នែកកសិកម្មសូមជួយបង្ហាញពីបច្ចេលទេសផ្សេងពីនេះទៀតបើមានសម្រាប់ទុកជាបទពិសោធន៍ទៅឆ្នាំក្រោយៗទៀត។

       លោកលៀងសេងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖បញ្ហាកសិករសំណូមពរនេះលោកចាត់មន្ត្រីជំនាញផ្នែកបច្ចេកទេសថែទាំឱ្យចុះទៅពិនិត្យជាក់ស្តែងដើម្បីឱ្យពួកគាត់រៀបចំបង្កើនការថែទាំបន្ថែមឱ្យបានផលខ្លះ។

លោកបន្តថា៖ផលប៉ះពាល់នេះគឺបណ្តាលមកពីកត្តាអាកាសធាតុមានការប្រែប្រួលឡើងកំដៅខ្លាំងហើយក៍មិនមែនប៉ះពាល់តែដំណាំផ្សិតមួយមុខទេជាពិសេសដាំណាបន្លែស្លឹកក៏រងផលប៉ះពាល់ខ្លាំងជាងគេ។

     សូមបញ្ចាក់ថា៖ផលិផលកសិកម្មផ្សិតមួយមុខនេះបច្ចុប្បន្នមិនមានលក់នៅលើទីផ្សារស្ទឹងត្រែងទេដោយសារតែកសិករមួយចំនួនបានបោះបង់ចោលមុខរបរនេះហើយនៅសេសសល់តិចតួចថែទាំមិនបានផលដែលជាសញ្ញាមួយបង្ហាញពីការបាត់បង់របរបណ្តុះផ្សិតនៅក្នុងឆ្នាំនេះ៕