ខេត្ត ស្ទឹងត្រែងនិង ក្រចេះបើកកិច្ចសហប្រតិបត្តិការរួមគ្នាថែរក្សាផ្លូវជាតិលេខ៧

វិទ្យុជាតិកម្ពុជា៖ដោយលោកគឹមហឿនខេត្តស្ទឹងត្រែង៖


អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងនិងខេត្តក្រចេះបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា
ថែរក្សាផ្លូវជាតិលេខ៧ឱ្យស្ថិតនៅមាននិរន្តរភាព  សម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋបានយូរអង្វែង។

     ក្នុងឱកាសចុះពិនិត្យមើលផ្លូវជាតិលេខ៧កាលពីថ្ងៃទី២៣មេសានៅខេត្តស្ទឹងត្រែងនិងខេត្តក្រចេះប្រវែងជាង៩៣គីឡូម៉ែត្រទើបសាងសង់រួចហើយឯកឧត្តមឡួយសូផាតអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា៖នេះជាសម្បត្តិដ៍ស្តុកស្តម្ភដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំណាយថវិកាជិត៤០លានដូល្លារទៅលើការសាងសង់ផ្លូវមួយខ្សែនេះ។ឯកឧត្តមរំលឹកឱ្យស្ថាប័នពាក់ព័ន្ធនិងប្រជាពលរដ្ឋមានកាតព្វកិច្ចរួមគ្នាថែរក្សាទុកជាប្រយោជន៍ជាតិសម្រាប់ប្រើប្រាស់ឱ្យបានយូរអង្វែង។

លោកស្រេងស្រស់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានទទួលស្គាល់ថា៖ផ្លូវមួយខ្សែនេះកំពុងតែបំរើឱ្យវិស័យសេដ្ឋកិច្ចនិងទេសចរណ៍មានកំណើនជាលំដាប់ពិសេសជាងនេះទៀតប្រជាពលរដ្ឋនៅភូមិភាគឥសាន្តរួមមានខេត្តក្រចេះស្ទឹងត្រែងរតនគីរីនិងមណ្ឌលគីរីទទួលបានផលប្រយោជន៍ពីផ្លូវនេះ។លោកប្រធានមន្ទីរបន្តថា៖ផ្លួវលេខ០៧ដែលទើបសាងសង់ហើយនេះស្ថិននៅក្នុងគម្រោងថែរក្សារបស់ក្រុមហ៊ុននៅឡើយទេតែទោះជាយ៉ាងណាវាជាសម្បត្តិដ៍មានតម្លៃដែលប្រជាពលរដ្ឋយើងទទួលបានពីរាជរដ្ឋាភិបាល។

លោកកែវបុប្ផាមេឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះបានកត់សំគាល់ឃើញថា៖ប្រជាពលរដ្ឋជាង៣០០០គ្រួសារនៅក្នុងឃុំក៍បានយកចិត្តទុកដាក់ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរបានល្អដែរព្រោះពេលបានផ្លូវស្រួលធ្វើដំណើរមានផលប្រយោជន៍គ្រប់យ៉ាងដល់ការស់នៅ។

(សម្លេង)នៅពេលផ្លូវល្អតម្លៃសេវាដឹកជញ្ជូនចុះថោក  ហើយនៅពេលដែលមានជំងឺឈឺស្កាតសង្គ្រោះបន្ទាន់គ្រោះថ្នាក់ចរាចរណ៍ពិសេសគឺការឆ្លងទន្លេធ្វើដំណើរបានលឿនយើងមានឡានពេទ្យដឹកជញ្ជូនទៅដល់ខេត្តក្រចេះប្រជាជនមិនបារម្ភ  ពីមុនផ្លូវមិនល្អអាចដេកផ្លូវហើយប្រើរយៈរហូត៣ទៅ៤ម៉ោងបានទៅដល់មន្ទីរពេទ្យខេត្តឥឡូវនេះគឺប្រើរយៈពេលតែ១ម៉ោងទៅដល់ពេទ្យខេត្តដូច្នេះសង្គ្រោះជីវិតមនុស្សទូទៅក្នុងឃុំដូចជាប្រជាពលរដ្ឋនៅតាមបណ្តាផ្លូវជាតិនេះ 

      សូមបញ្ជាក់ថា៖ផ្លូវជាតិលេខ៧ចេញពីខេត្តក្រចេះទៅដល់ច្រកទ្វារអន្តរជាតិក្រពាំងគ្រៀលខេត្តស្ទឹងមានប្រវែងជិត២០០គីឡូម៉ែត្របច្ចុប្បន្នសាងសង់ថ្មីឡើងវិញបានជាង៩៣គីឡូម៉ែត្រនៅសល់ជាង១០០គីឡូម៉ែត្រទៀតរាជរដ្ឋាភិបាលរៀបគម្រោងឱ្យក្រុមហ៊ុនចិនជាដៃគូធ្វើការសាងសង់នៅចុងឆ្នាំ២០១៩នេះ។ដោយឡែកស្ពានចំនួន៥នៅក្នុងទឹកដីខេត្តក្រចេះដៃគូវិនិយោគភ្នាក់ងារសហប្របត្តិការអន្តរជាតិជប៉ុនកំពុងដំណើរការសាងសង់ថ្មីជំនួសស្ពានចាស់ជាបណ្តាញតភ្ជាប់ផ្លូវគមនាគមន៍ពីខេត្តក្រចេះដល់ទីខេត្តត្បូងឃ្មុំ៕