ឯកឧត្តម​ ស៊ុន ចាន់ថុល ជួប​ពិភាក្សាការងារជាមួយគណៈប្រតិភូ China Merchants Port

AKP ភ្នំពេញ ថ្ងៃទី​២៤ ខែមសា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យដឹងថា​ កាលពី​ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China Merchants Port ដឹកនាំដោយលោក Jiang Luning នាយកផ្នែកពាណិជ្ជកម្មក្រៅប្រទេស។

ជំនួប​ពិភាក្សានេះ​ធ្វើ​ឡើង​តាមសំណើផ្លូវការរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងអំឡុងពេលទស្សនកិច្ច នៅក្នុងប្រទេសចិនកាលពីខែមុន ពេលនេះគណៈប្រតិភូក្រុមហ៊ុន China Merchants Port Group បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និង​ដើម្បី​សិក្សាលើការអភិវឌ្ឍផែនការមេកំពង់ផែឱ្យចប់សព្វគ្រប់ក្នុងរយៈពេលបីខែ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្នើឱ្យ​ការសិក្សានេះផ្តោតសំខាន់លើតំបន់ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ព្រមទាំងការតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេមេគង្គផងដែរ ។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សានោះ ក្រុមការងាររបស់គណៈប្រតិភូកំពង់ផែ China Merchants Port បានបន្តជួបជាមួយមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានផ្លូវទឹក និងកំពង់ផែ និងក្រុមការងារកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងប្រមូលព័ត៌មាន និងធាតុចូលឱ្យបានជាក់លាក់ និងគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ផែនការមេកំពង់ផែកម្ពុជា។

សូមបញ្ជាក់ថា​ China Merchants Port មានទីតាំងស្ថិតនៅក្រុង Shenzhen ជាកំពង់ផែដែលធំជាងគេទី២ នៅក្នុងប្រទេសចិន និងជាកំពង់ផែធំជាងគេទី៣ នៅលើពិភពលោក ៕

ដោយ ទេស ច័ន្ទសុធារី