រដ្ឋមន្រ្តីក្រសួ្ងងបរិស្ថានកម្ពុជា និងនាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បង្ហាញពីកិច្ចសហប្រតិបត្តិការល្អ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ -រសៀរថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Suwanna Gauntlett  នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance ) ចូលជួបពិភាក្សាការងារ និងរាយការណ៍ជូននូវលទ្ធផលការរងារ ចំពោះការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិកម្ពុជាក្នុងរយៈពេលកន្លងមក។

យោងលើអត្ថបទព័ត៌មានដែលផ្សព្វផ្សាយក្នុងបណ្តាញសង្គម របស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សា លោកស្រី Suwanna បាន មានប្រសាសន៍សម្តែងអំណរ គុណ និងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និង ការអនុវត្តច្បាប់កន្លងមករបស់អាជ្ញាធរដែនដី និងភាគីដែលពាក់ព័ន្ធក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ជាពិសេសក្នុងខេត្តកោះកុង ពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដោយក្នុងនោះក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្តោតលើការការពារសក្តានុពលបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់ឧទ្យានជាតិក្រវាញខាងត្បូង តាតៃ និងក្រវាញកណ្តាល។

លោកស្រី Suwanna Gauntlett  នាយកប្រតិបត្តិ នៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ(Wildlife Alliance ) បានបន្តថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពក្នុងតំបន់ការពារធម្មជាតិ ពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិវឌ្ឍជីវៈចម្រុះ សំដៅការរស់នៅដោយចីរភាព។

ប្រភពដដែលបានបញ្ជាក់ថា ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្ត សត្វព្រៃ ដែលកន្លងមកបានសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួង  បរិស្ថាន ជាពិសេសមន្រ្តីបរិស្ថាន ឧទ្យានុរក្ស និង អាជ្ញាធរពាក់ព័ន្ធនានា ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ពិតណាស់បច្ចុប្បន្ននេះយើងមានតំបន់ការពារធម្មជាតិចំនួន ៥៣កន្លែង លើទំហំផ្ទៃដីចំនួន ៧,៥លានហិកតា ដែលទំហំដ៏ធំនេះជាកាតព្វកិច្ចដែលក្រសួងបរិស្ថាន ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ព័ន្ធនានា ក្នុងការធានាបាននូវនិរន្តភាពការពារសក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើងសម្រាប់ តម្កល់ជូនឧត្តមប្រយោជន៍ដល់ជំនាន់ក្រោយ ៕

ដោយ ពេជ្រ ណារិទ្ធ