តំណាងរាស្ត្រមណ្ឌលបាត់ដំបងចុះសួរសុខទុក្ខប្រជាពលរដ្ឋរងដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅក្នុងស្រុកថ្មគោល

AKP បាត់ដំបង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ -នៅថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង អមដំណើរដោយមន្ត្រី រដ្ឋបាលខេត្ត  និង មន្ត្រីនៃមន្ទីរ អង្គភាពមួយចំនួនជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងចុះពិនិត្យពីស្ថានភាពគ្រោះធម្មជាតិ ដែលបានបង្កគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដោយសារតែបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ និងធ្វើឱ្យដួលរលំ ខូចខាតផ្ទះសម្បែង ប៉ើងដំបូលផ្ទះ និងមនុស្សមួយចំនួនបានរងរបួស កាលរសៀលថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

តាមរបាយការណ៍លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានឱ្យដឹងថា បាតុភូតធម្មជាតិ ខ្យល់កន្ត្រាក់ដែលបានបង្កមហន្តរាយ នៅក្នុងស្រុកថ្មគោល បណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន ២២៧ខ្នង នៅក្នុងឃុំ ចំនួន ០៥ រួមមាន៖ ឃុំជ្រៃ, ជ្រោយស្តៅ, អន្លង់រុន, បឹងព្រីង និងឃុំបន្សាយត្រែង។ ក្នុងចំណោមឃុំ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺឃុំជ្រៃ បណ្តាលឱ្យខូចខាតផ្ទះចំនួន ១២៩ខ្នង ដោយបង្កការប៉ះពាល់ ប៉ើងដំបូលទាំងស្រុងសាលាពុទ្ធិកបឋមសិក្សាវត្តរូង, ប៉ើងដំបូលស័ង្កសី វិទ្យាល័យជ្រៃ និងបង្កឱ្យរងរបួសមនុស្សចំនួន០២នាក់ និងឃុំជ្រោយស្តៅ បានបង្ករបួសមនុស្ស ០៤នាក់ផងដែរ។

ឯកឧត្តម បណ្ឌិត ប៊ុត  គឹមស៊ាន អភិបាលស្តីទីនៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជាអនុប្រធានគណៈ កម្មាធិការគ្រោះមហន្តរាយខេត្តបានឱ្យដឹងថា គ្រោះមហន្តរាយដែលបង្កឡើងដោយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៥៣០ខ្នងផ្ទះ ក្នុងនោះស្រុកថ្មគោល ២២៧ខ្នង, ស្រុកកំរៀង ២៥ខ្នង, ក្រុងបាត់ដំបង ៧៤ខ្នង, ស្រុកមោងឫស្សី ៣៦ខ្នង, ស្រុកគាស់ក្រឡ ៣៧ខ្នង, ស្រុកសង្កែ ៤០ខ្នង, ស្រុកបាណន់ ៥៧ខ្នង និង ស្រុករតនមណ្ឌល ៣៤ខ្នង។

ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកតំណាងរាស្ត្រ និងក្នុងនាមរដ្ឋបាលខេត្ត និង សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានដឹកនាំ និងចុះមកពិនិត្យផ្ទាល់អំពីស្ថានភាព នៃគ្រោះមហន្តរាយដែលកើតឡើងដោយសារតែខ្យល់កន្ត្រាក់នៅទីនេះ និងដើម្បីស្រង់នូវទិន្នន័យជាក់លាក់ និងរាយការណ៍ជូនទៅថ្នាក់ដឹកនាំ ជាពិសេសជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យលទ្ធភាព និងរកដំណោះស្រាយសមស្រប ដើម្បីឆ្លើយតបទៅនឹងការលំបាកពីបញ្ហាប្រឈមនានាចំពោះមុខ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះទាំងអស់នោះ នៅថ្ងៃខាងមុខឆាប់ៗនេះ ។ ក្នុងឱកាសនោះឯកឧត្តម ច័ន្ទ សុផល ក៏បានផ្តល់ថវិកាផ្ទាល់ខ្លួនមួយចំនួនដល់កងកម្លាំងនៅទីនោះ និងគ្រួសារជនរងគ្រោះទាំងនោះផងដែរ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាកខេត្តបាត់ដំបង)