ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំរុញកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់​ព័ន្ធ​បន្តចុះ អន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ

AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមេសា ​ឆ្នាំ២០១៩ -ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនបានជំរុញអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៅខេត្តបន្ទាយមានជ័យឱ្យបន្តប្រឹង ប្រែងក្នុង​ការចុះ​អន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ បន្ទាប់ពីខេត្ត ជាប់ព្រំដែន​មួយនេះបានទទួលរងនូវការវាយប្រហារពីខ្យល់កន្ត្រាក់ផ្ទួនៗប៉ុន្មានថ្ងៃមកនេះ ដែលបណ្តាល​ឱ្យមានការបាត់បង់អាយុជីវិតមនុស្ស សត្វ និងខូតខាតផ្ទះសម្បែងរបស់ប្រជា ពលរដ្ឋនោះ។

ការថ្លែងជំរុញបែបនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តចុះសួរសុខទុក្ខ និងនាំ អំណោយ​របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងអំណោយផ្ទាល់ខ្លួន ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅឃុំសារង្គ ស្រុកស្វាយចេក ចំនួន៧២គ្រួសារ និង នៅឃុំទានកាំ ស្រុកព្រះនេត្រព្រះ ចំនួន២៩គ្រួសារ​ កាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩។​    ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានថ្លែងបន្ត ដោយបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកមរណទុក្ខជូនចំពោះគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ និង គ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត និងបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋសូមឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗ ហើយ បានណែនាំដោយជំរុញ​ឱ្យអាជ្ញាធរដែនដី ក្រុមការងារ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន កម្លាំងនគរបាល យោធា និងកងរាជអាវុធហត្ថ ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋដែល​កំពុង រង គ្រោះដោយសារតែខ្យល់កន្ត្រាក់ ក្នុងការជួយជួសជុលផ្ទះជូនពួកគាត់បានសមរម្យ​ឡើងវិញ។

នៅក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយរបស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង២ឃុំ សរុបចំនួន១០១ គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ឃីត១រួមមាន អង្ករ២៥គីឡូ ត្រីខ១០កំប៉ុង មី១កេស ប្រេងឆា១លីត្រ ទឹកស៊ីអ៊ីវ៣ដប នំធុង១ធុង ទឹកបរិសុទ្ធ១កេស មុង១ សារុង២ ក្រមា២ ភួយ១ និងថវិកា ៥ម៉ឺនរៀល ។

ជាមួយនោះឯកឧត្តមក៏បាននាំយកអំណោយផ្ទាល់ខ្លួនឧបត្ថម្ភមានស័ង្កសីសម្រាប់ប្រក់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ,ជូនអគារទីចាត់ការ១​​ខ្នង និងអគារសិក្សា១ខ្នង មាន៥បន្ទប់ នៅ សាលាបឋមសិក្សាសារង្គ ឃុំសារង្គ ស្រុកស្វាយចេក, ឧបត្ថម្ភកងកម្លាំង(បីអង្គភាព ) ស្រុក ស្វាយចេក និងស្រុកព្រះនេត្រព្រះ ថវិកាសរុប៤លានរៀល និងឧបត្ថម្ភ សាលាបឋមសិក្សា សារង្គ ៥០ម៉ឺនរៀលផងដែរ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តបានឱ្យដឹងថា ក្នុងរយៈពេលពីរ ថ្ងៃគឺថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះខេត្តបន្ទាយមានជ័យ បានទទួលរងនូវ ភ្លៀង រន្ទះ លាយខ្យល់កន្ត្រាក់ផ្ទួនៗ លើតំបន់មួយចំនួនក្នុងស្រុកភ្នំស្រុក,ព្រះនេត្រព្រះ,ស្វាយ ចេក,អូរជ្រៅ,មង្គលបូរី,ថ្មពួក,ក្រុងសិរីសោភ័ណ និងប៉ោយប៉ែត បណ្តាលឱ្យបាត់បង់អាយុជីវិត មនុស្ស៤នាក់ របួស២នាក់ ងាប់គោ៥ក្បាល និងបានបំផ្លាញផ្ទះសរុបប្រមាណ ៣០២ខ្នង សា លារៀន១ខ្នង ខូចខាតរោងម៉ាស៊ីនកិន​ស្រូវ២ខ្នង,ឃ្លាំង១ខ្នង និងសាលាឆទាន១ខ្នងផងដែរ៕

ដោយឈុន សារ៉ាត