អគារសិក្សាចាស់ទ្រុឌទ្រោមរបស់ វិទ្យាល័យជីហែបានបើកដំណើរការជួសជុលឡើងវិញហើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងសប្បុរសជនចាប់ផ្តើមដំណើរការជួសជុល អគារសិក្សា និងអាគារ បណ្ណាល័យ នៃវិទ្យាល័យជីហែដើម្បីជួយសម្រាលការលំបាករបស់សិស្សានុសិស្ស ខណៈដែលវិទ្យាល័យដ៏ចំណាស់មួយនេះ កំពុងមានសភាពចាស់ទ្រុឌទ្រោមទាមទារការជួសជុលជាបន្ទាន់។


នៅក្នុងឱកាសអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលឡើងវិញ នូវ អគារសិក្សា និងអាគារ បណ្ណាល័យ នៃវិទ្យាល័យជីហែ ស្ថិតក្នុង ភូមិផ្សារថ្មី ឃុំពាម ប្រធ្នោះ ស្រុក កោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានឯកឧត្តមបានអោយដឹងថា គម្រោងជួសជុលអគារសិក្សាដែលចាស់ទ្រុឌទ្រោម
គឺ សម្រាប់ធ្វើជាបណ្ណាល័យ ពហុព័ត៌មាន និងសាល ប្រជុំ ដើម្បីបំរើដល់តម្រូវការរបស់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ។ ឯកឧត្តមបានបញ្ជាក់ថាបណ្ណាល័យ ពហុព័ត៌មាននេះ នឹងត្រូវបំពាក់សៀវភៅ និងឯកសារ ស្រាវជ្រាវជាច្រើនប្រភេទ បំពាក់កុំព្យូទ័រ សម្រាប់គ្រប់គ្រងបណ្ណាល័យ និងសម្រាប់ស្រាវជ្រាវ បង្កើតជ្រុងតម្រង់ទិសវិជ្ជាជីវះ ដោយមានភ្ជាប់នៅ ប្រពន្ធ័ព័ត៌មានវិទ្យា និងអ៊ីនធើណែត បំពាក់ តុ ទូ កៅអី ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា គម្រោងជួសជុលនេះត្រូវបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី ២០ ខែមេសា ហើយនឹងគ្រោងបញ្ចប់នាថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ ដោយចំណាយថវិកាអស់ប្រមាណ៦៩៣៥៤ដុល្លា ដោយមានការជួយជ្រោមជ្រែងពីអង្គការ Sipar និង មូល និធិគីណាល់។ ក៏មានការចុះហត្ថលេខា លើកិច្ចសន្យា ជួសជុល អាគារ
លោក ស៊ុយ ចន្ទ័រិទ្ធិ នាយកវិទ្យាល័យជីហែ បាន អោយដឹងដែរថា ក្រៅពីការជួយ ជួសជុលអាគារសិក្សាចាស់មួយខ្នងអោយក្លាយជាបណ្ណាល័យ ដោយ អង្គការស៊ីប៉ា តាមរយៈការគាំទ្រថវិកាពី មូលនិធិ គីណាល់ និងអតីតសិស្ស វិទ្យាល័យជីហែល ព្រមទាំង ដៃគូរផ្សេងៗទៀតនោះ សម្តេចសេនាវិបុលភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា ក៏បានជួយ ជួសជុល អគារសិក្សាចំនួន ៤ខ្នង ស្មើនិង ១៨បន្ទប់ ក្នុងវិទ្យាល័យជីហែ នេះដែរ ដែលមានសភាពចាស់ ទ្រុឌទ្រោម អោយបាន ស្អាត ល្អឡើងវិញ ។ សម្រាប់អគារសិក្សា ៤ ខ្នងនេះ គឺត្រូវបាន ជួសជុល ហើយរួចរាល់បាន ១ខ្នង នឹងកំពុងបន្តធ្វើការជួសជុល ចំនួន៣ទៀតអោយឆាប់ បានហើយរួចរាល់ ដើម្បីអោយ សិស្សានុសិស្ស មានអាគារសិក្សា ស្អាត មានផាសុខភាព និងអនាម័យល្អ គ្រោងចំណាយថវិកាអស់ ប្រមាណជាង ១០ម៉ឺនដុល្លា។


សូមបញ្ជាក់ថា វិទ្យាល័យជីហែ ស្ថិតក្នុងភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយបានកសាងឡើងក្នុងកំឡុងឆ្នាំ១៩៥៦ ដោយថវិកាអាណាព្យាបាលសិស្ស និងសប្បុរសជន ហើយរួចរាល់ក្នុងឆ្នាំ១៩៥៧ ក្នុងនោះមានអគារទីចាត់ការ ១ខ្នង មាន២ជាន់ និងអាគារសិក្សា៦ ខ្នងស្មើ ២៥បន្ទប់។

វិទ្យាល័យជីហែ ចាប់បើកទ្វារអោយបង្រៀន សិស្សក្នុងឆ្នាំ១៩៥៧ ដែលមានឈ្មោះថា អនុវិទ្យាល័យជីហែ ។ ក្នុងឆ្នាំ ១៩៧០ ដល់ ១៩៧៥ ក្នុងរបបសាធារណរដ្ឋ វិទ្យាល័យជីហែ ត្រូវបិទទា្វរ ដោយយកធ្វើជាឃ្លាំងសម្ភារះ។ ក្នុងឆ្នាំ ១៩៧៥ ដល់១៩៧៩ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ វិទ្យាល័យជីហែ ក្លាយជាមន្ទីរពេទ្យស្រុក និងជាមន្ទីរឃុំឃាំង ។ ប៉ុន្តែក្រោយថ្ងៃ រំដោះ ៧មករា ១៩៧៩ ត្រូវបានដំណើរការរៀបចំសាលានេះឡើងវិញ ហើយ នៅឆ្នាំ១៩៨០ ទើបបើកដំណើរបង្រៀនរហូតមកដល់បច្ចុប្បន្ន ដែលមានការកសាង អគារសិក្សា រួមជាមួយសមិទ្ធិផលនានាដែលបំរើដល់ការងារអប់រំ៕