រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាដល់គ្រប់ភាគីពាក់ព័ន្ធវែកមុខ អ្នកនៅពីក្រោយនៃអំពើជួញដូរមនុស្សនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យ គ្រប់ភាគីពាក់ព័ន្ធរួមគ្នា ស្វែងរកអ្នកនៅពីក្រោយខ្នង នៃអំពើជួញដូរមនុស្សឱ្យបាន បើទោះបី ជា​ពួកគេមានបុណ្យស័ក្តិធំប៉ុនណាក៏ដោយ ត្រូវតែរកឱ្យឃើញដើម្បីយកមកផ្តន្ទាទោសតាម​ផ្លូវច្បាប់។ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ​ជួញដូរ​មនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ​សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា អំពើជួញដូរមនុស្សនៅតែមាន ប្រជាពលរដ្ឋដែលត្រូវបាន​គេយកធ្វើជា កម្មវត្ថុននៃការជួញដូរមនុស្ស នៅមិនទាន់ភ្ញាក់រលឹក ដោយមិនទាន់យល់ មិនទាន់សហការ​ជាមួយសមត្ថកិច្ច។ សម្ដេចក្រឡាហោមបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តរិះរកវិធាន​ការថ្មីៗឱ្យ​សមស្រប និងមានប្រសិទ្ធភាពថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ ផ្សព្វផ្សាយអប់រំ អំពើ​ជួយដូរមនុស្សបន្ថែមទៀត។ សម្ដេចក្រឡាហោមបន្ដថា “ខ្ញុំគិតថាបញ្ហាគន្លឹះគឺការរកឱ្យ​ឃើញ​នូវមេខ្លោង ជួញដូរមនុស្ស ការពិតហើយបញ្ហានេះ ខ្ញុំគិតថាពិតជាមានការឃុបឃិត ពីមេ ខ្លោងនៅក្នុងប្រទេស និងមេក្លោងនៅបរទេស ជាជនជាតិបរទេស”។

សម្តេចក្រឡាហោមបានបន្ថែមថា ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ការទទួលបានព័ត៌ មាន​ពិតអំពីមុខសញ្ញាជួញដូរមនុស្សនេះ ជារឿងសំខាន់ណាស់ដើម្បីឈានទៅបង្រ្កាប ឱ្យ​មានប្រសិទ្ធភាព ហើយដើម្បីឈានទៅលើកវិធានការ សហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធ ជាពិសេសយកចិត្តទុកដាក់ បណ្ដាច្រកនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងនោះ ខេត្តបន្ទាយមាន ជ័យ និងខេត្តបាត់ដំបង ជាគោលដៅសំខាន់ជាងគេ។ សម្ដេចក្រឡាហោមបានបន្ថែតទៀតថា ការយកចិត្តទុកដាក់ ដើម្បីស្រាវជ្រាវ ក្ដាប់ឱ្យបាននូវមេខ្លោង និងអ្នកផ្សំគំនិតនៃការជួញ​ដូរមនុស្សនេះ ជារឿងសំខាន់ ហើយដែលយើងអាចធ្វើមូលដ្ឋានក្នុងការបង្រ្កាបបទល្មើសនេះ កាន់តែមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ជនល្មើសមិនប្រើប្រាស់ច្រកព្រំដែនអន្តរជាតិ ឬច្រកទ្វេភាគីដើម្បីនាំចេញពលករខុសច្បាប់ឡើយ ហើយជនល្មើសអាចប្រើរបៀបលួចលាក់ ដើម្បីធ្វើការជួញដូរនាំពលករចេញដោយខុសច្បាប់ចេញទៅក្រៅប្រទេស។ ទន្ទឹមនេះ អាជ្ញាធរ ច្រកព្រំដែន ជាពិសេសខេត្តបន្ទាយមានជ័យ និងខេត្ដបាត់ដំបង ត្រូវយកចិត្តទុកដាក់ត្រួត ពិនិត្យឱ្យបានខ្ពស់ ចំពោះអ្នកដែលមិនមានឯកសារគ្រប់គ្រាន់ ដើម្បីទប់ស្កាត់បង្ការអ្នកឆ្លង​ដែនខុស​ច្បាប់។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ កម្លាំងសមត្ថកិច្ចកម្ពុជាបានបង្រ្កាប​ចាប់ ឃាត់ខ្លួន និងបញ្ជូនជនល្មើសចំនួន២២៤នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសក្នុងការបង្រ្កាប បទល្មសើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ សរុបចំនួន១៣៤ករណី និងសង្រ្គោះជនរង គ្រោះចំនួន២៣០នាក់ ក្នុងនោះមានក្មេងអាយុក្រោម១៥ឆ្នាំ និងអាយុពី១៥ឆ្នាំ ដល់១៨ឆ្នាំ ផងដែរ៕

ដោយ ចាន់ សុធីវង្ស និង ប៊ុនរិទ្ធ