រាជរដ្ឋាភិបាលនឹងអភិវឌ្ឍន៍ខេត្តភូមិភាគឦសានឱ្យក្លាយជាកន្លែងទេសចរណ៍ផ្ទះទី២សម្រាប់អ្នកទេសចរវ័យចំណាស់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩​ — រាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍន៍ខេត្តភូមិភាគឦសានឱ្យក្លាយជាកន្លែងទេសចរណ៍ផ្ទះទី២សម្រាប់អ្នកទេសចរវ័យចំណាស់។អ្នកជំនាញទេសចរណ៍លើកឡើងថា គម្រោងនេះ​គឺជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដែលជាសេនាធិការរបស់​រាជរដ្ឋាភិបាល ដើម្បី​រៀបចំផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីឱ្យទៅជាតំបន់ទេសចរណ៍សមាហរណពិសេស​ជំរុញលើកទឹកចិត្តដល់គោលនយោបាយទេសចរណ៍ផ្ទះទី២ សម្រាប់ទេសចរវ័យ​ចំណាស់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ការអភិវឌ្ឍ​វិស័យទេសចរណ៍គឺជាចន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងនិរន្តរភាព និង​ម្យ៉ាងទៀតផលិតផលទេសចរណ៍កម្ពុជានៅមានកម្រិត បើធៀបនឹង ប្រទេសជិតខាងក្នុងតំបន់ កម្ពុជាត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ជាចាំបាច់ សំដៅលើក កម្ពស់ភាពប្រកួតប្រជែង​នៃវិស័យទេសចរណ៍កម្ពុជា ជាពិសេទេសចរណ៍បែបវប្បធម៌ និងធម្មជាតិ ដែលជាផលិត​ផល​ឈានមុខរបស់កម្ពុជា។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន​ប្រាប់​ទីភ្នាក់​ងារសារព័ត៌មានកម្ពុជា AKP នៅរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩នេះថា ការអភិវឌ្ឍ​ខេត្តមណ្ឌលគិរីឱ្យទៅជាតំបន់ទេសចរណ៍សមាហរណពិសេសនេះ​គឺរាជរដ្ឋាភិបាលចង់​បង្កើត​កញ្ចប់ទេសចរណ៍ ជាមួយប្រទេសអាស៊ានសម្រួលដល់អ្នកទេសចរដែលមកលេងប្រទេសជិត​ខាង ហើយហួសមកដល់កម្ពុជាតែម្តង។ លោកជំទាវបានបន្ដថា ចំពោះការអភិវឌ្ឍ​កន្លែង​ទេស​ចរណ៍ផ្ទះទី២វិញ​ជាការបង្កើតផលិតផលទេសចរណ៍ប្រភេទថ្មីដែលអាចទាក់ទាញភ្ញៀវ​ទេស ចរបរទេសមកស្នាក់នៅយូរថ្ងៃនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ ក៏បានរៀបចំវិធានការក្នុងការលើកស្ទួយ​វិស័យ ទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍, ការលើកកម្ពស់សេវាមួយ ស្តង់ដារមួយ បុគ្គលិកម្នាក់ជំនាញមួយ និងទេសចរណ៍វៃឆ្លាត (Smart Tourism) ជាដើម។ ទន្ទឹមនេះ ការលើកកម្ពស់សេវាមួយស្តង់ដារមួយ គឺជាបទដ្ឋាននៃសេវាទេសចរណ៍​ឱ្យស្រប​តាម​ស្តង់ដារអាស៊ាន ស្របពេលដែលទស្សនវិស័យនៃបុគ្គលិកម្នាក់ជំនាញមួយ ជាការគិត​គូរ ថ្មីសំដៅរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈ ការង្កើនចំនួន និងគុណភាពនៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។ លើសពីនេះទៀត ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត សំដៅដល់ធ្វើឌីជីថលរូបនីយកម្ម (Digitalization) ក្នុង​ដំណើរការនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ការធ្វើដំណើរ បដិសណ្ឋារកិច្ច និងឧស្សាហកម្មម្ហូប-អាហារ ជាដើម៕

ដោយ គង់ សិរីរ័ត្ន