នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ណែនាំឲ្យកងកម្លាំងគ្រប់ប្រភេទ នគរបាល យោធា និងកងរាជអាវុធហត្ថអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ដោយ លឹម តុងហួត

ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត និងសំណូមពរឱ្យប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗ ហើយឯកឧត្ដម នាយឧត្តមសេនីយ៍ បានណែនាំឲ្យកម្លាំងគ្រប់ប្រភេទរួមមានកងនគរបាល យោធា និងកងរាជអាវុធហត្ថចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។
ក្រោយពីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តភារកិច្ច និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៣ រួចមក នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន បានបន្តចុះសួរសុខទុក្ខ និងនាំអំណោយរបស់របស់កាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យនិងអំណោយផ្ទាល់ខ្លួនទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅឃុំសារង្គ ស្រុកស្វាយចេក ចំនួន៧២គ្រួសារ និងនៅឃុំទានកាំ ស្រុកព្រះនេត្រព្រះ ចំនួន២៩គ្រួសារ។
ជាមួយនឹងការ គិតគូរ ចំពោះគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀតនេះ ឯកឧត្តម នាយឧត្តសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយរបស់សាខាកាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យ ចែកជូន ប្រជាពលរដ្ឋទាំង២ឃុំសរុបចំនួន១០១គ្រួសារដោយក្នុង១គ្រួសារៗទទួលបានឃីត១រួមមាន ៖ ១.អង្ករ ២៥គីឡូ ត្រីខ១០កំប៉ុង មី១កេស ប្រេងឆា១លីត្រ ទឹកស៊ីអីវ៣ដប នំធុង១ធុង ទឹកសុទ្ធ១កេស មុង១ សារុង២ ក្រម៉ា២ ភួយ១ ថវិកា ៥ម៉ឺនរៀល ។
ជាមួយគ្នានេះ ដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយផ្ទាល់ខ្លួនដោយជួយអាគារទីចាត់ការ១ខ្នង និងអាគារសិក្សា១ខ្នងមាន៥បន្ទប់ នៅសាលាបឋមសិក្សាសារង្គ ឃុំសារង្គ ស្រុកស្វាយចេក ឧប ត្ថម្ភ ដល់កងកំលាំងបីអង្គភាព នៅស្រុក ស្វាយចេក និងស្រុកព្រះនេត្រព្រះ នូវ ថវិកាសរុបចំនួន៤លានរៀលនិងឧប ត្ថម្ភ ដល់សាលាបឋមសិក្សាសារង្គ ៥០ម៉ឺនរៀល៕