រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាតាមចាប់ខ្លួនមេខ្លោងជាមុខសញ្ញាជួញដូរមនុស្សនៅកម្ពុជា

វិទ្យុជាតិកម្ពុអត្ថបទ៖ជួន បូណា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យស្វែងរកចាប់ខ្លួនមេខ្លោងជាមុខសញ្ញាជួញដូរមនុស្សឲ្យអស់ពីកម្ពុជា ខណៈករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទនៅតែបន្តកើតមានច្រើន។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅ២០១៩ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តសហការគ្នា និងពង្រឹងការទប់ស្កាត់ករណីជួញដូរមនុស្ស និងផ្លូវភេទគ្រប់រូបភាពទាំងអស់អោយកាន់តែមានប្រសិទ្ធភាព ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ករណីជួញដូរមនុស្សនេះ បើទោះបីជាឆ្នាំ២០១៨មានការធ្លាក់ចុះយ៉ាងណាក្តី ប៉ុន្តែត្រូវតែស្វែងរកចាប់ខ្លួនមេខ្លោងទាំងក្នុងប្រទេស និងក្រៅប្រទេសឲ្យបានទើបបញ្ហានេះមិនកើតមានបន្តទៀត។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្ដេជ្ញាបន្តសហការគ្នាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើការទប់ស្កាត់ករណីជួញដូរមនុស្ស និងផ្លូវភេទអោយកាន់តែមានប្រសិទ្ធភាព ។
យោងតាមរបាយការណ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ការបង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្នុងឆ្នាំ២០១៨សរុបចំនួន ១៥៩ករណីបើប្រៀបធៀបនឹងឆ្នាំ២០១៧ មានការថយចុះចំនួន ២ករណី ស្មើនឹងជាង ១៤ភាគរយ៕