សម្ដេចតេជោ មានជំនឿថា ការរៀបចំសង្ក្រាន្តនៅតាមបណ្ដាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំនឹងធ្វើឱ្យវប្បធម៌ប្រពៃណីខ្មែរមិនសាបសូន្យ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន​ជំ​នឿ​ជឿ​ជាក់​ថា តាមរយៈការដាក់ពង្រាយកម្មវិធីសង្ក្រាន្តនៅគ្រប់ទីកន្លែងទាំងអស់ក្នុងទូទាំងប្រទេស​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលកន្លងមក ហើយប្រសិនបើយកដើមទុន នៅក្នុងឆ្នាំ២០១៩​នេះ​ ដើម្បីបន្តពង្រឹកសកម្មភាពនោះ វប្បធម៌ប្រពៃណីខ្មែរ និងមិនសាបសូន្យទេ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតបញ្ចប់ការសិក្សាសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួនជាង២០០០នាក់ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ សម្ដេចតេជោមានប្រសាសន៍ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំ២០១៩ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ បានប្រារព្ធឡើងដោយបរិយាកាសល្អ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានភាពសប្បាយរីករាយ បើទោះបីជាកម្ពុជាមានការប្រែ ប្រួលអាកាសធាតុកើនឡើងនូវកម្តៅ និងការខ្វះខាតអគ្គិសនីប្រើប្រាស់ខ្លះៗក្តី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែ​ល​បានយកចិត្តទុកដាក់ ការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រ​ពៃ​ណីជាតិខ្មែរយើងកន្លងទៅថ្មីៗនេះ ដែលបានធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋយើងទទួលបាននូវភាពសប្បាយរីករាយគ្រប់ទីកន្លែង។ សម្តេចតេជោបាន កត់សម្គាល់ឃើញថា ឆ្នាំនេះបងប្អូនប្រជាពល​រដ្ឋ​បានសប្បាយរីករាយខ្លាំងគ្រប់ទីកន្លែង គឺដោយសារយើងមានសង្ក្រាន្តតាមខេត្តនីមួយៗ ដែលបានបង្ហាញឱ្យឃើញអំពីប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ភាពសប្បាយរីករាយទាំងអស់ នេះគឺកើតមានឡើងដោយសារកក្តាសំខាន់ៗ៤គឺ៖ ទីមួយៈ កត្តាសុខសន្តិភាពក្នុងផ្ទៃប្រទេស, ទីពីរៈ កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ទីកន្លែ​ង​ ដែលធ្វើឱ្យពលរដ្ឋបានដើរលេងកម្សាន្ត គ្រប់ទីកន្លែង, ទីបីៈ កត្តាប្រជាជនមានមធ្យោបាយធ្វើដំណើរគ្រប់ៗគ្នា និងទីបួនៈ កត្តាប្រាក់ ចំណូលសមរម្យ ដែល​ផ្តល់ឱកាសឱ្យពលរដ្ឋមានឱកាសធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស។

សម្តេចតេជោ ក៏បានកោតសរសើរផងដែរ ចំពោះ សាលារា​ជ​ធានីភ្នំ​ពេ​ញ​ ដែលបាន បញ្ចេញរថយន្ត១២០គ្រឿង ប៉ុន្តែដោយសារតម្រូវការអ្នកធ្វើដំណើរមានចំនួនច្រើនសាលា រាជធានី បានបញ្ចេញរថយន្តក្រុង ចំនួន៣០គ្រឿងបន្ថែមទៀត  សម្រាប់ការដឹកជញ្ជូនប្រជា ពលរដ្ឋដោយឥតគិតថ្លៃទៅកាន់ស្រុកកំណើត៕

ដោយ ជឹម ណារី