មន្រ្តី​ផលិតកម្មសត្វអះអាងថា ក្នុងឆ្នាំ២០១៨ ​អត្រាចិញ្ចឹម​សត្វ ដើម្បី​ពាណិជ្ជកម្មមាន​ការ​កើនឡើង

AKP សៀមរាប ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ — ថ្លែងនៅ​ក្នុង​សិក្ខាសាលាស្តីពីការ​គ្រប់​គ្រង​ចំណីសត្វនៅ​ខេត្តសៀមរាប នៅព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៩នេះ លោក សុខ ស៊ាងលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វនៃ ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា ពីមួយឆ្នាំទៅ​មួយឆ្នាំអត្រា នៃការចិញ្ចឹមសត្វ ដើម្បី​ធ្វើ​ពាណិជ្ជកម្មបាន​កើនឡើងជាបន្ត​បន្ទាប់ និង​បាន​ជួយលើកស្ទួយ សេដ្ឋកិច្ច​ជាតិ​បាន​មួយចំនួន​ផងដែរ។ ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ២០១៨កន្លងមកនេះ អត្រាចិញ្ចឹម សត្វ ដើម្បីពាណិជ្ជកម្មមាន​ការកើនឡើង​លើសផែនការបើធៀបទៅនឹង​កាលពីឆ្នាំ២០១៧ ខណៈឯការចិញ្ចឹមសត្វ ដើម្បីយកកម្លាំង​សម្រាប់អូសទាញមាន​ការ​ថយចុះ។

លោកបាន​បញ្ជាក់​ នៅពេល​ដែល​ការចិញ្ចឹមសត្វដើម្បីយក​សាច់សម្រាប់​បរិភោគនេះ មាន​ការកើនឡើង​ ការគ្រប់គ្រង និងត្រួតពិនិត្យចំណីសត្វ គឺជាកត្តាមួយដ៏សំខាន់​សម្រាប់មន្រ្តី​ជំនាញព្រោះថា បើអ្នកផលិតចំណីសត្វធ្វើមិនបានត្រឹមត្រូវ បណ្តាលឱ្យចំណីដែលសត្វ ស៊ីនោះ មានមេរោគនៅក្នុងសាច់ ហើយយកទៅលក់នៅលើទីផ្សារ វានិងធ្វើឱ្យប៉ះពាល់ដល់ សុខភាព​អ្នកបរិភោគ ដូច្នេះនូវរាល់ការធ្វើអាជីវកម្មផលិតចំណីសត្វ ឬការចែកចាយចំណី សត្វទាំង​អស់​ត្រូវមាន​ការ​គ្រប់គ្រង់និងត្រួតពិនិត្យពីមន្រ្តី​ជំនាញ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត។ ជាក់ស្តែង​នៅ​ថ្ងៃនេះ នាយកដ្ឋានផលិតកម្មសត្វ នៃក្រសួង​កសិកម្ម បាន​អញ្ជើញ​អ្នកផលិត និង​អ្នកចែកចាយ​ចំណី​សត្វទាំង​អស់​នៅ​ខេត្ត​សៀមរាប​ ឱ្យមកទទួលនូវ​ចំណេះដឹង​បន្ថែម​ទៀតទាំងរបៀបផលិត និងច្បាប់ស្តីពីការគ្រប់គ្រង​ចំណីសត្វនេះ ដើម្បី​ឱ្យ​ពួក​គាត់​បានដឹង​កាន់តែច្បាស់ថា បើសិនអ្នកណាផលិតចំណីសត្វមិនបានត្រឹមត្រូវបណ្តាលឱ្យសាច់សត្វ ដែលស៊ីចំណីនោះមានមេរោគនិងបង្កបញ្ហាអ្នកបរិភោគពួកគាត់និងមាន​ទោស។

លោក ប៉ែន ប៊ុនធឿន អនុប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា នៅ​ក្នុង​ខេត្តសៀមរាប​ បានមាន​ប្រសាសន៍ថា ជាការ​ពិតណាស់នៅក្នុងខេត្តសៀមរាប​នេះ ក៏អត្រានៃការចិញ្ចឹមសត្វដើម្បីពាណិជ្ជកម្មមានការកើនឡើងដែរ ដែលកត្តាទាំង​នេះ បាន​ធ្វើការផ្គត់ផ្គង់សាច់នៅលើទីផ្សារនៅខេត្តសៀមរាប​ភាគ​ច្រើន​ជាសាច់សត្វនៅក្នុងស្រុក ហើយ សាច់សត្វដែលនាំចូលគឺមានចំនួនតិច។

លោកបាន​បញ្ជាក់ថា បច្ចុប្បន្ននេះ   ខេត្តសៀមរាបបានទទួលសាច់ជ្រូក ប្រមាណជាង១៣តោន សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ក្នុង១ថ្ងៃហើយសត្វជ្រូកភាគច្រើន គឺជាជ្រូកក្នុងស្រុក ហើយនិងសាច់សត្វចិញ្ចឹមនៅក្នុងខេត្តច្រើនតោនទៀតត្រូវបានយកផ្គត់ផ្គង់ ហើយសាច់ទាំង​នោះគឺជាសាច់ដែលមានគុណភាព និងសុវត្ថិភាព៕

ដោយ ឃុត សៅ