ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្កោលទោស ចំពោះការ វាយប្រហារដោយគ្រាប់បែកនៅក្នុងប្រទេសស្រីលង្កា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស ថ្កោលទោស ចំពោះការវាយប្រហារដោយគ្រាប់បែកក្នុងប្រទេសស្រីលង្កា ដែលបណ្តាល ឱ្យមនុស្សប្រមាណ ២៩០នាក់ បានស្លាប់ និងបណ្តាលឱ្យរបួសជាង ៥០០នាក់ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២​០​​១៩ កន្លងមកនោះ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតបញ្ចប់ការសិក្សាសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួនជាង២០០០នាក់ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំក៏សុំយកឱកាសនេះ ថ្កោលទោស អំពើភេរវកម្ម ដែលបានកើតឡើងនៅប្រទេសស្រីលង្កា ប៉ុន្តែរឿងនេះយើងកំពុងតែពិនិត្យថា តើមានទំនាក់ ទំនងអ្វីជាមួយនឹងភេរវកម្មនៅនូវែលសេឡង់ឬអត់»។

សម្តេចបន្តថា «កាលពីប៉ុន្មានខែមុន នៅនូវែលសេឡង់ក៏មានការវាយប្រហារស្លាប់ មនុស្សយ៉ាងច្រើន ហើយពេលនោះវាយចំព្រះវិហារសាសនាឥស្លាម ដល់វាយនៅស្រីលង្កា វាយទៅលើព្រះវិហារសាសនាគ្រឹស្តទាំងអស់។ អញ្ចឹងតើមានទំនាក់ទំនងអ្វីទេ? យើងមិន ទាន់ហ៊ានសន្និដ្ឋាន ដោយសារមិនទាន់ក្រុមណាមួយចេញមុខ មកទទួលខុសត្រូវ ក្នុងការវាយ ប្រហារគ្រាន់តែឧបករណ៍បញ្ជាឱ្យផ្ទុះរកឃើញជាង៨០គ្រឿងឯណោះ ជាចំនួនមួយមិនតូចទេ ដែលពួកភេរវកម្មធ្វើសកម្មភាពវាយប្រហារ»។ ដូច្នេះ «បទពិសោធន៍នៅស្រីលង្កា និងនៅ នូវែលសេឡង់ ក៏ផ្តល់មេរៀនកាន់តែច្រើនសម្រាប់កម្ពុជាយើងថា ត្រូវបន្តគ្រប់ គ្រងឱ្យ បាន ហ្មត់ចត់ ទៅលើការប្រើប្រាស់អាវុធជាតិផ្ទុះ សេរីភាពហួសហេតុទៅ លើការប្រើអាវុធ ប្រើជាតិផ្ទុះ គឺមិនមែនជាសេរីភាពសម្រាប់ក្តីសុខ របស់ប្រជាពលរដ្ឋទេ។ ប្រទេសខ្លះបាញ់ គ្នាស្ទើររាល់ឆ្នាំ បាញ់កូនសិស្ស បាញ់អ្វីៗដោយសារតែរឿងអាវុធហ្នឹង ប៉ុន្តែកម្ពុជាសុំតឹង តែងបន្តិចហើយ។ តឹងតែងប៉ុណ្ណឹងហើយ គង់មានបញ្ហាអ្នកខ្លះ ដកអាវុធភ្ជង់គេ ទៅកើតរឿង ដោយសារអាវុធហ្នឹង»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា  ការបើកទូលាយក្នុង ការប្រើប្រាស់អាវុធ គឺជាការបំផ្លាញសេចក្តីសុខ របស់ប្រជាពលរដ្ឋទៅវិញទេ។

​គួររម្លឹកថា​កាលពី​ថ្ងៃទី​២២ ខែមេសា​ ក្រសួងការបរទេស​កម្ពុ​ជា​ក៏​បានចេញ​សេចក្តីថ្លែង ការណ៍​ថ្កោលទោស​អំពើ​ភេរវកម្ម​នេះ​ផងដែរ ដោយបាន​ចាត់ ទុក​ទង្វើ​នេះ​ជាការ​បង្កឱ្យមាន​ការភ័យខ្លាច​និង​ជ្រុលនិយម​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​នេះ​នឹងមិន​ត្រូវ​អត់ឱន​ឱ្យ​ជាដាច់ខាត​។ នៅក្នុង​សេចក្តីថ្លែងកា​រណ៍​​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​ស្រីលង្កា ជាពិសេស​គ្រួសារ​នៃ​ជនរងគ្រោះ​ដែ​ល​​បាន បាត់បង់​ជីវិត នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​មួយ​នេះ​៕

ដោយ ជឹម ណារី