ព្រឹត្តិការណ៍កីឡាប្រណាំងកង់ Cambodia MTB Series 2019 គ្រោងចាប់ផ្តើមជុំទី១ នាដើមខែឧសភា នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ — សហព័ន្ធខ្មែរកីឡាទោចក្រយានបានប្រកាសឱ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃ អង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា ស្តីពីការ រៀបចំព្រឹត្តិការណ៍ប្រណាំងកង់រដូវកាលថ្មី  Cambodia MTB Series 2019 ដោយចែកចេញ ជា៥ដំណាក់កាល នៅទីតាំងផ្សេងៗពីគ្នានៅតាមបណ្តាខេត្ត និងនៅរាជធានីភ្នំពេញ។លោកឧកញ៉ា វង់ ខាន់ពៅ អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានគូស​បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រណាំងកង់ឆ្នាំ២០១៩នេះត្រូវបានចែកចេញជា៥ដំណាក់កាល ដោយដំណាក់កាលទី១ គ្រោងនឹងធ្វើនៅ ថ្ងៃទី០៥ ខែឧសភា នៅទីលាន សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ ទី២ នៅខេត្តកែប ទី៣ នៅខេត្តកំពង់ស្ពឺ ទី៤ នៅភ្នំប្រសិទ្ធ និងដំណាក់​កាល​ទី៥ ដែលជាជុំផ្តាច់ព្រ័ត្រ នឹងត្រូវប្រកួតនៅភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ លោកឧកញ៉ាបានបន្ដថា ចំពោះគោលបំណងនៃការប្រកួតនៅតាមតំបន់ទាំងអស់នេះ គឺដើម្បី​ទាក់ទាញកីឡាករ កីឡាការិនី ក្នុងវិស័យកីឡាប្រណាំងកង់ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ក៏ដូចជាបង្កើនកម្រិតគុណភាពបច្ចេកទេសរបស់ពួកគេឱ្យកាន់តែល្អប្រសើរផងដែរ។ ព្រឹត្តិ​ការ ណ៍នេះដែរ ក៏ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានឈ្វេងយល់អំពីការ​លេង​កីឡាជិះកង់ ដើម្បីសុខភាពល្អមាំមួន ដែលគោលដៅទាំងអស់នេះគឺជាផែនការសកម្មភាព​អភិវឌ្ឍន៍វិស័យកីឡាប្រណាំងកង់ឱ្យកាន់តែរីកចម្រើន បើកាលណាមិនមានរៀបចំជា​សកម្ម​ភាព​ប្រចាំឆ្នាំនោះទេ នោះការអភិវឌ្ឍក៏មិនមានដែរ។

អគ្គលេខាធិការរូបនេះបញ្ជាក់ទៀតថា កីឡាករ កីឡាការិនីដែលចូលរួមប្រកួតបានបែងចែក​ជាច្រើនកម្រិត​ ដូចជាកម្រិត A1 A2 និងកម្រិត B និងកម្រិតបើកទូលាយសម្រាប់​មហាជន​ទូទៅផងដែរ។ ចំពោះការបង់ថ្លៃចូលរួមប្រកួត គឺកម្រិតA1 មានតម្លៃពី១៥ដុល្លារ​ដល់១០០​ដុល្លារ, កម្រិតA2 ពី២០ដុល្លារដល់៥០ដុល្លារ ហើយកម្រិត B1-B2 មានតម្លៃពី១០ដុល្លារ​ដល់៣០ដុល្លារ និងកីឡាការិនីត្រូវបង់ថ្លៃពី១០ដុល្លារ ដល់២០ដុល្លារ៕

ដោយ ហេង ណាលីន