កម្ពុជាត្រូវការពេលវេលាយ៉ាងហោច ៥ឆ្នាំទៀត ដើម្បីរៀបចំខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ — កម្ពុជាត្រូវការពេលវេលាយ៉ាងហោច ៥ឆ្នាំទៀត ដើម្បីរៀបចំខ្លួនទៅជាសេដ្ឋកិច្ច ឌីជីថល និងយ៉ាងហោចណាស់១០ឆ្នាំទៀត ដើម្បីក្លាយជាសេដ្ឋកិច្ចឌីជីថលពេញលេញ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធា​ន​គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសា​សនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការវិវត្តវិស័យអប់រំ ក្នុងបរិបទឌីជីថលក្នុងក្របខ័ណ្ឌសកល និងកម្ពុជា»  កាលពីល្ងាចថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ ទាក់ទងទៅនឹងបរិបទឌីជីថលនេះ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ជាការពិតរាជ រដ្ឋាភិបាលក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ តាមរយៈការ ដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤រប​ស់​ខ្លួន ដែលក្នុងនោះមុំទី១ នៃចតុ កោណទី១ បានបញ្ជាក់យ៉ាងច្បាស់ពីអាទិភាព នៃការលើកកម្ពស់ និងពង្រឹងគុណភាពវិស័យ អប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានេះ ដែលគោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍន៍ “ប្រព័ន្ធអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន”។ ទន្ទឹមនេះក៏បាន និងកំពុងរៀបចំទាំងក្របខ័ណ្ឌច្បាប់ និងយន្តការជាប្រព័ន្ធប្រទាក់ក្រឡាគ្នា ដើម្បីឆ្លើយតប និងដើរឱ្យទាន់សភាពការណ៍នៃការវិវត្ត នៃសកលភាវូបនីយកម្មក្នុងបរិបទឌីជីថលនេះ។

ឯកឧត្តមបន្ថែមថា សិក្ខាសាលាថ្ងៃនេះ គឺជាវេទិកាមួយដ៏សំខាន់ ដើម្បីបង្កឱកាស ដល់តួអង្គពាក់ព័ន្ធទាំង​ឡាយ ក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ ទស្សនទានថ្មីៗ និងការ ពិភាក្សា ដើម្បីរំលេច និងស្វែងរកនូវគន្លឹះថ្មីៗក្នុងការជួយជ្រោមជ្រែងដល់និស្សិត សិស្សានុ សិស្ស មន្ត្រីអប់រំ និងលោកគ្រូអ្នកគ្រូ  បើកទូលាយនូវគំនិតថ្មីៗបន្ថែមទៀត និងបង្កើនការយក ចិត្តទុកដាក់ទ្វេដង ក្នុងការអភិវឌ្ឍសមត្ថភាព និងចំណេះដឹង ដែលអាចឆ្លើយតបទៅនឹង បរិបទសង្គមនាពេលបច្ចុប្បន្ន និងទៅអនាគត ផ្សាភ្ជាប់ និងនិន្នាការសកលនៃយុគសម័យ ឌីជីថលដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងកសាងជាមូលដ្ឋានសំខាន់មួយនៃដំណើរ ការអភិវឌ្ឍនេះ។

ជាពិសេសសិក្សាឈ្វេងយល់អំពីព័ត៌មាន និងបទពិសោធន៍ពីប្រទេសសិង្ហបុរីដែល បានរៀបចំប្រព័ន្ធអប់រំរបស់គេ ឆ្ពោះទៅរកយុគសម័យឌីជីថល ដោយផ្តោតសំខាន់លើការ រៀបចំការសិក្សាវិទ្យាសាស្រ្ត ការពិសោធន៍ គំនិតច្នៃប្រឌិតរបស់កុមារ និងសិស្សានុសិស្ស ការរៀបចំប្រព័ន្ធបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដើម្បីត្រៀមឆ្ពោះទៅរកឌីជីថល ដោយ ចាប់ផ្តើមពីការអប់រំសម្រាប់ទាំងអស់គ្នា ដើម្បីឱ្យប្រជាជនមានចំណេះដឹង ការបង្កើនការ អប់រំវិទ្យាសាស្រ្ត គណិតវិទ្យា និងការអប់រំផ្តោតលើនវានុវត្តន៍។  បច្ចុប្បន្នបើទោះការ អប់រំនៃប្រទេសសិង្ហបុរី បានឈានដល់កម្រិតនៃប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតក៏ដោយ ក៏ប្រទេ​សសិង្ហបុរី បានត្រៀមលើកកម្ពស់ការអប់រំនាសតវត្សរ៍ទី២១នេះ ដោយផ្តោតទៅលើការ បង្កើនចំណេះដឹង សមត្ថភាព និងជំនាញ ដើម្បីឆ្លើយតបទៅនឹងសេដ្ឋកិច្ចឌីជីថល ព្រមទាំង ការជំរុញឱ្យប្រទេសសិង្ហបុរី ក្លាយជាប្រជាជាតិវ័យឆ្លាត។ ដូច្នេះហើយក្នុង​គោលដៅនេះ កម្ពុជា យើងត្រូវរៀនសូត្រពីគេ ដើម្បីពង្រឹង និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឌីជីថលទាំង ហេដ្ឋារចនា សម្ព័ន្ធទន់-រឹង ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញឌីជីថល ស្របពេលជា​មួយការរៀបចំក្របខ័ណ្ឌគតិយុត្តឱ្យមានការឆ្លើយតប និងសមស្របផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា  ដើម្បីក្លាយជាសេដ្ឋកិច្ចឌីជីថលពេញលេញ កម្ពុជាបាននិងកំពុងធ្វើ ដំណើរលើផ្លូវត្រូវនៅក្នុងការអភិវឌ្ឍវិស័យអប់រំ ទាំងការកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ទាំងការកែលម្អកម្មវិធីសិក្សា ការបង្កើនគុណភាពនៃការអប់រំ ការបណ្តុះ បណ្តាលគ្រូបង្រៀ​ន ការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ការបង្កើនគុណភាព និងប្រសិទ្ធភាព នៃការគ្រប់ គ្រង នៅក្នុងវិស័យអប់រំទាំងមូល ដោយផ្តោតលើសសរស្តម្ភទាំង៥ (ការអនុវត្តផែនការសកម្ម​ភាព​គោលនយោបាយគ្រូបង្រៀន ការពិនិត្យឡើងវិញកម្មវិធីសិក្សា សៀវភៅសិក្សាគោល និងការកែលម្អ បរិស្ថាន សិក្សា ការដាក់ឱ្យអនុវត្តន៍អធិការកិច្ច ការពង្រឹងរង្វាស់ វាយតម្លៃ សិក្សាមានរូបភាពផ្សេងៗដូចជាការប្រឡង ការធ្វើតេស្ត វាយតម្លៃថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ និងការកែទម្រង់ឧត្តមសិក្សា) ដែលជាការឆ្លើយតបទៅនឹងបរិបទ និងតម្រូវការ ទីផ្សារការងារ ពិសេសការអភិវឌ្ឍវិស័យអប់រំឱ្យស្របតាមបរិបទសកល រួមមានការផ្លាស់ប្តូរ ទម្លាប់នៃការងាររបស់គ្រូបង្រៀន ដើ​ម្បីក្លាយជាគ្រូបង្រៀនសតវត្សរ៍ទី២១ ការគ្រប់​គ្រងសាលា រៀនទៅតាមបរិបទសតវត្សរ៍ទី២១ ការចូលរួមពីសហគមន៍ ការវាយតម្លៃការសិក្សា គុណភាព អភិ​បាលកិច្ចនៅតាមសាលារៀន និងការពង្រឹងសមត្ថភាពនាយកសាលានៅទស្សវត្សរ៍ទី២១ ឱ្យមានលក្ខណៈកាន់តែសកម្ម ទូលំទូលាយ ក្នុងការត្រៀមខ្លួនក្នុងវិស័យអប់រំ សម្រាប់យុគ សម័យឌីជីថល៕

ដោយ ប៉ាល់ សុង