ចិននឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការនាំដំណាំ និងទំនិញកម្ពុជាទៅកាន់ទីផ្សារចិនឱ្យកាន់តែច្រើនបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម ឈិន យីឈី (Qin Yizhi) អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល  និងបទប្បញ្ញត្តិទីផ្សា​រ​ចិ​ន​មានប្រសាសន៍ថា ចិននឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងការនាំដំណាំ និ​ង​​ទំនិញកម្ពុជាទៅកាន់ទីផ្សាររបស់ចិនឱ្យកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌​មាន​ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុ​ជា បានអនុញ្ញាតឱ្យ ឯកឧត្តម  Qin Yizhi អនុរដ្ឋមន្ត្រីក្រសួងរដ្ឋបាល និងបទប្ប​ញ្ញ​ត្តិ​ទី​ផ្សារ​ចិ​ន និងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅ​វិមា​នសន្តិភាព។

ក្នុងជំនួបនេះដែរ ឯកឧត្តម Qin Yizhi  បានជម្រាបជូន សម្តេចតេជោថា ទំនា​ក់​​ទំនងរវាងកម្ពុជានិងចិន គឺមានជាយូរលង់ណាស់មកហើយៗ កំពុងតែមានការសប្បា​យ​​​រី​ក​រា​យ​ ទទួលបានផ្លែផ្កាពីទំនាក់ទំនងដ៏ល្អនេះ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងតែ​មា​​ន​​ការរីកដុះដាលបន្ថែមទៀតជាលំដាប់។ ឯកឧត្តមបន្តថា ជាសំណាងណាស់ ដែលថ្នាក់ដឹកនាំ​ប្រ​ទេសកម្ពុជា-ចិន បានដាក់នយោបាយយ៉ាងត្រឹមត្រូវ ដែលនាំទៅដល់មានការអភិវឌ្ឍលើវិ​ស័​យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀតយ៉ាងល្អប្រសើរ។

ឯកឧត្តមក៏បានគោរពជម្រាបជូនស​ម្តេ​​​​ច​តេជោផងដែរថា តាមរយៈទំនាក់ទំនង និង គោលនយោបាយត្រឹមត្រូវនេះ ប្រទេសទាំងពីរ ជា​ពិសេសកម្ពុជា  បានទទួលនូវផលយ៉ាង ច្រើនពីកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យ​ក​សិកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ទាំងឡាយ។ ក្នុងន័យនេះផងដែរ ឯកឧត្តម​អនុរដ្ឋ​ម​ន្ត្រី​​ បានប្តេជ្ញាថា នឹងជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យកសិកម្ម ការនាំចូលដំណាំ និង​ទំ​និ​ញ​​កម្ពុ​ជាកាន់តែច្រើនឡើងថែម ទៀតទៅកាន់ទីផ្សារចិន។

ឯកឧត្តមក៏បាន​គោរ​ព​ជ​ម្រា​បជូន ស​ម្ដេ​ចតេជោដែរថា នៅឆ្នាំ២០១៦ ឯកឧត្តមបាន សហការជាមួយនឹងឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រ​សិ​ទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងបានចុះហត្ថលេខាលើអនុស្សរណៈ និងឯក​សារ​មួ​យចំនួនហើយនៅ ឆ្នាំ២០១៧ រាល់កិច្ចការដែលបានចុះហត្ថលេខាកន្លងមក ក៏បានទទួល​ការ​ធ្វើការ អនុវត្តជាបន្ត បន្ទាប់ ដោយនៅពេលនេះមានការជួយក្នុងការបណ្ដុះបណ្ដាល ធនធា​ន​​មនុស្សផងដែរ។

ឯកឧត្តម ក៏បានជម្រាបជូន សម្ដេចតេជោបន្ថែមទៀតថា នៅក្នុងដំណើរ​ទ​ស្ស​ន​កិច្ច របស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីឈ្វេងយល់​បន្ថែ​ម​ទៀត​ពីកម្ពុជា ជាពិសេសដើម្បីជំរុញការអនុវត្ត និងចេញសេចក្តីថ្លែងការណ៍រួមជាមួយនឹង​ភាគី​កម្ពុជា លើវិស័យមាត្រសាស្ត្រតែម្ដង។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះឯកឧត្តម Q​i​n Yizhi   ដែល​បាន​លើ​កឡើងពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាកត្តាសំខាន់សម្រា​ប់​​ការ​អភិវឌ្ឍនៅប្រទេសកម្ពុជា។ សម្ដេចក៏បានស្នើឱ្យឯកឧត្តម  ធ្វើយ៉ាងណាបន្តធ្វើ ការជាមួយ​នឹង​ភាគីកម្ពុជា ដើម្បីជួយត្រួតពិនិត្យ ធ្វើយ៉ាងណាអាចឱ្យកម្ពុជា នាំចេញនូវកសិផលកម្ពុជា ទៅ​កាន់ប្រទេសចិនបាន ជាពិសេសតាមរយៈការពង្រឹង ការពិនិត្យចត្តាឡីស័ក  និងភូតគាម​អនា​ម័យលើដំណាំកសិផលកម្ពុជា។

ជាងនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន​សម្តែ​ង​​​ នូវការគាំទ្រជាមួយនឹងអ្វី ដែលក្រសួងទាំងពីរ (កម្ពុជា-ចិន) បានធ្វើកន្លងមក ជាពិសេស ក្នុ​ង​ការអភិវឌ្ឍធនធានមនុស្ស ដែលសម្តេចបានបន្តលើកទឹកចិត្តឱ្យធ្វើកិច្ចការនេះបន្ថែមទៀត៕

ដោយ ជឹម ណារី