វៀតណាមចូលរួមសន្និសីទទីក្រុងមូស្គូលើកទី ៨ ស្តីពីសន្តិសុខអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩​  — គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយកាលពីថ្ងៃទី ២២ ខែមេសា ដើម្បីទៅចូលរួមសន្និសីទទីក្រុងមូស្គូលើកទី៨ ស្តីពីសន្តិសុខអន្តរជាតិ (MCIS 8) ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ​​ខែមេសា តាមការអញ្ជើញរបស់ក្រសួងការពារជាតិរុស្ស៊ី។

គណៈប្រតិភូនេះត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ឯកជាន់ខ្ពស់ Phan Van Giang នាយឧត្តមសេនីយ៍នៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម។

ការចូលរួមរបស់វៀតណាមនៅក្នុងព្រឹត្តិការណ៍នេះ សំដៅអះអាងអំពីតួនាទី និងភាពទទួលខុសត្រូវរបស់ប្រទេសនេះចំពោះបញ្ហាអន្តរជាតិ និងតំបន់ ព្រមទាំងបង្ហាញអំពីគោលជំហររបស់ប្រទេសនេះអំពីបញ្ហាសន្តិសុខ និងការអភិវឌ្ឍនៃផលប្រយោជន៍ពិភពលោក និងតំបន់ តាមរយៈការការពារផលប្រយោជន៍ជាតិ។

នេះក៏ជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំក្រសួងការពារជាតិវៀតណាម ក្នុងការចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ជាមួយសមភាគីរុស្ស៊ីរបស់ខ្លួន ដែលរួមចំណែកដល់ការពង្រឹងចំណងទាក់ទងរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យសមស្របជាមួយភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងវៀតណាម និងរុស្ស៊ី។

លោកឧត្តមសេនីយ៍ឯក Phan Van Giang ត្រូវបានគ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គលើកទីមួយ និងរៀបចំកិច្ចប្រជុំទ្វេភាគី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)