អ្នកជំនាញអំពាវនាវឲ្យដំឡើងពន្ធលើថ្នាំជក់បន្ថែមទៀត ដើម្បីទប់ស្កាត់ចំនួនអ្នកស្លាប់ពីបញ្ហានេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា៖


អ្នកជំនាញផ្នែកសុខភាព បានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់បន្ថែម ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ដែលឈានទៅបង្ការកុំឲ្យមានអ្នកស្លាប់បន្តទៀត ដោយសារផលប៉ះពាល់នៃការស្រូបយកផ្សែងបារីចូលទៅក្នុងសួត។
លោក យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក នៅថ្ងៃទី២៣ ខែមេសា នេះ បានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់ឲ្យខ្ពស់ គឺជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់ មិនត្រឹមតែអាចកាត់បន្ថយចំនួនអ្នកជក់បារីប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាល ក៏បានចំណូលកាន់តែច្រើនពីការដំឡើងពន្ធនេះដែរ។

ដូចគ្នានេះលោក  មុំគង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាមានប្រសាសន៍ថាកម្ពុជាអាចទទួលបានផលប្រយោជន៍សុខភាពសាធារណៈបានលុះត្រាតែពន្ធលើផលិតផលថ្នាំជក់ក្នុងកំរិតអតិបរមាមួយជាក់លាក់បំផុត។

លោកបន្តថា តាមការអង្កេតលើមតិយុវជននៅឆ្នាំ២០១៨ បានបង្ហាញថា យុវជនភាគច្រើន នឹងឈប់ទិញបារីជក់ បើតម្លៃបារីឡើងដល់១ម៉ឺនរៀល ក្នុង១កញ្ចប់ ខណៈបច្ចុប្បន្នបារីខ្លះ តម្លៃត្រឹតតែ ២ពាន់រៀលប៉ុណ្ណោះ ។
លោក Ulysses Dorotheo នាយកប្រតិបត្តិសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា គោលនយោបាយពន្ធលើថ្នាំជក់របស់ម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពុំទាន់ឆ្លើយតបទាំងស្រុងចំពោះការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅឡើយទេ។ លោកបន្តថា កម្ពុជាហូតពន្ធតែ២៥% ទៅ៣០% បើធៀបនឹងតម្លៃលក់រាយនៃផលិតផលថ្នាំជក់ ហើយកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធលើថ្នាំជក់ទាបជាងគេបំផុត។
យោងតាមការអង្កេតរបស់ក្រុមជំនាញផ្នែកសុខភាព បង្ហាញថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាលើសពី២លាននាក់ បានប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះអ្នកជក់បារីក្នុងចំណោមយុវវ័យជាងមាន១.៥លាននាក់ និងអ្នកចុកថ្នាំជក់ជិត៥សែននាក់៕