អភិបាលខេត្តកំពង់ចាម ត្រៀមរៀបចំចលនាប្រឡងប្រណាំង ឲ្យប្រជាពលរដ្ឋ មានបន្ទប់អនាម័យគ្រប់ៗខ្នងផ្ទះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចិន​ សារ៉ាត៖

ឯកឧត្ដម​ ​គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​ជោគជ័យ នូវចលនាប្រលងប្រណាំងឃុំ សង្កាត់ បម្រើសេវាល្អ ដោយតម្រូវ​ឲ្យ​មេឃុំ-ចៅសង្កាត់​ ស្មៀន និងនគរបាលប៉ុស្តិ៍ ចុះធ្វើសំបុត្រកំណើត សំបុត្រអាពាណ៍ពិពាហ៍ សំបុត្រមរណភាព និងការងារអត្តសញ្ញាណកម្ម​ ឲ្យ​ដល់ខ្នងផ្ទះ រោងបុណ្យ រោងការ បានផ្ដល់​សេវា ជូនប្រជា​ពលរដ្ឋ​​ រួច​មក​ យេីង​នឹងរៀបចំផែនការ​ថ្មី​១ទៀត​ គឺដាក់ចេញនូវចលនាប្រឡងប្រណាំង ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម មានបន្ទប់អនាម័យ ប្រើប្រាស់គ្រប់ៗខ្នងផ្ទះ។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ ធ្វើឡើងក្នុង​ពិធី​ប្រកាស​តែងតាំង​ លោក យី វណ្ណ: អភិបាលស្រុកកោះសូទិន ជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជន​កម្ពុជា​ ស្រុកកោះសូទិន​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ​ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កោះសូទិន​ ព្រមទាំង​ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់ដឹកនាំ​ ជាច្រើនរូបទៀត​ ផងដែរ។


ឯកឧត្ដម​​អភិបាលខេត្ត​ បាន​លើក​ឡើង​ថា បេីយោងតាមការជំរឿន ទូទាំងខេត្តកំពង់ចាម ទិន្នន័យ​ បាន​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​ ​ដែលនៅមិនទាន់មានបន្ទប់អនាម័យ ប្រេីប្រាស់​ គឺមានចំនួន​ ៤៦% ស្មើនឹង ១០ម៉ឺនខ្នងផ្ទះ ។ ទាក់ទងនឹងបញ្ហាសុខភាព សាធារណៈ​ ឯកឧត្ដម​អភិបាលខេត្ត​ បាន​គូសបញ្ជាក់ថា ប្រសិនបើយើងជំរុញឲ្យប្រជាពលរដ្ឋ​ មានបន្ទប់អនាម័យប្រើប្រាស់​ គ្រប់​ៗ​ ខ្នងផ្ទះនោះ វាកាន់តែប្រសើរថែមទៀត ពីព្រោះថា នៅពេលដែលពួកគាត់ឈប់បន្ទោរបង់​ ពាសវាល ពាសកាល នោះ​ គឺអាចជួយគាំពារសុខភាពសាធារណៈ បានមួយផ្នែកធំ ផងដែរ ដោយសារតែវាមិនមានមេរោគហូរ ចូលទៅទន្លេ ឬក៏ឆ្លងតាមប្រការផ្សេងៗទៀត ។ ដូច្នេះ វិធីសាស្រ្តដែលអាចបង្ការទប់ស្កាត់​ នូវការឆ្លងរាលដាលមេរោគ​ តាមរយៈ ការធ្វើឲ្យពួកគាត់​ មានការយល់ដឹង ហើយងាកមកប្រើប្រាស់បន្ទប់អនាម័យ​ ឲ្យបានគ្រប់ៗគ្នា ទើបជាការ​ប្រសើរ ។

ម្យ៉ាងវិញទៀត ការធ្វើយ៉ាងដូចច្នេះបាន វានឹងធ្វើឲ្យអាយុជីវិតប្រជាពលរដ្ឋយើង រស់នៅបានយឺនយូរ ជាងការខ្អនាម័យ ផងដែរ ។ ក្រៅពៅនោះការចេញទៅបន្ទោរបង់ពាសវាលពាសកាលនេះ ក៏ជាបច្ច័យអាក្រក់ នាំឲ្យកើតបទល្មើសផ្សេងៗ ផងដែរ ជាពិសេស ប្រជាពលរដ្ឋ ជាស្ត្រីរស់នៅតាមជនបទ ។​
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី ​ខៀវ​ កាញារីទ្ធ​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កោះសូទិន​ បាន​ធ្វេី​ការ​ផ្តាំផ្ញេី ដល់​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ស្រុកកោះសូទិន​ ដែល​ទើប​តែ​ទទួលការ​តែងតាំង​ថ្មី​ សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង​ របស់​គណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ ទៅ ដណ្តើមជ័យជំនះ គ្រប់ការបោះឆ្នោតជាបន្តបន្ទាប់ ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពី ពិធីប្រកាសតែងតាំងគណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ស្រុកកោះសុទិន ឯកឧត្ដម​ គួច ចំរើន អភិបាល ខេត្តកំពង់ចាម ក៏​បានដឹកនាំក្រុមការងារ​ ចុះត្រួតពិនិត្យមើលដំណើរការសាងសង់ ជួសជុល វិទ្យាល័យ ជីហែ ផងដែរ ៕