ពិធីចែកកង់ដែលជាជំនួយរបស់មូលនិធិចំណតកង់ប្រទេសជប៉ុនដល់សិស្សក្រីក្រក្នុងស្រុកកោះអណ្តែត

AKP តាកែវ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តជ្រៃធំ ស្ថិតក្នុងឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ មានរៀបចំពិធីចែកកង់ចំនួន ៤០០គ្រឿង ដល់សិស្សានុសិស្សក្រីក្រចំនួន ៤០០នាក់ មកពីសាលាបឋមសិក្សាចំនួន៥ ក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ហឿង សុផុន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោក ណាសាស៊ីណូសាណូ ប្រធានអង្គការ  KJO (ខេជេអូ) ជាអ្នកនាំកង់ចំនួន ៤០០គ្រឿងដែលជាជំនួយរបស់មូលនិធិចំណតកង់ប្រទេសជប៉ុន។

ក្នុងពិធីនោះ ឯកឧត្តម ហឿង សុផុន បានធ្វើការលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំសិក្សាដើម្បីមានអនាគតភ្លឺស្វាងនៅពេលខាងមុខ។ បច្ចុប្បន្នការប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជាយើងកាន់តែមានការបើកចំហ និងមានកាន់តែច្រើនឡើង។ សិស្សានុសិស្សមួយចំនួនដែលមានការប្រើប្រាស់បណ្តាញសង្គមនេះ ត្រូវធ្វើយ៉ាងណាឱ្យការប្រើប្រាស់បណ្តាញសង្គមនេះមានប្រយោជន៍ដល់ខ្លួន ជាពិសេសត្រូវប្រើវាដើម្បីបង្កើននូវចំណេះដឹងរបស់ខ្លួន។

ឯកឧត្តម ហឿង សុផុន ក៏បានដាស់តឿនដល់សិស្សានុសិស្សឱ្យសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅពីការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមមានដូចជា ហ្វេសប៊ុក យូធូប អ៊ិនស្ត្រាក្រាម ជាដើម និយាយជារួមយើងត្រូវតែប្រើប្រាស់បណ្តាញសង្គមនេះឱ្យមានប្រយោជន៍ដល់ខ្លួនតាមរយៈការតាមដានព័ត៌មានពិត និងការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនចំណេះដឹងដល់ខ្លួនយើង។ ប្រសិនបើយើងប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គមទាំងអស់នេះមិនចំគោលដៅ វានឹងធ្វើឱ្យខ្លួនយើងមានបញ្ហា និងធ្វើឱ្យការសិក្សារបស់យើងធ្លាក់ចុះថែមទៀតផង ។ ដូច្នេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយដែលជាសសរទ្រូង របស់ប្រទេសជាតិទៅថ្ងៃអនាគត ប្អូនៗទាំងអស់ត្រូវខិតខំសិក្សា ស្រាវជ្រាវតាមរយៈបច្ចេកវិទ្យា និងបណ្តាញសង្គមដើម្បីធ្វើយ៉ាងណាបង្កើនចំណេះដឹងរបស់យើងឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានធ្វើការអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមផ្សព្វផ្សាយអប់រំណែនាំដល់មិត្តភក្តិរបស់ខ្លួនកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន។ ព្រោះគ្រឿងញៀនវាជាអ្នកបំផ្លាញដល់អនាគតរបស់យើង ក្រុមគ្រួសារយើង និងប្រទេសជាតិយើង ​ប្រសិនបើយើងប្រើប្រាស់វា៕

ដោយ អ៊ុច សៀង