ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោករណីភេរវកម្មនៅស្រីលង្កា​ដែលបណ្តាល​ឱ្យមនុស្សស្លាប់ជាច្រើនរយនាក់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្កោលទោស ចំពោះភេរវកម្ម ដែលកើតឡើងនៅក្នុងប្រទេសស្រីលង្កាដែលបណ្តាលឱ្យមនុស្ស ២៩០នាក់​ស្លាប់ និងបណ្តាលឱ្យរបួសជាង៥០០នាក់ ហើយអាចនឹងស្លាប់ជាបន្ដបន្ទាប់ទៀត។

ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគេកំពុងសិក្សាចំពោះករណី​ភេរវកម្ម ដែលកើតឡើងនៅស្រីលង្កា ថាអាចនឹងទាក់ទងជាមួយករណីដែលកើត​នៅប្រទេស​ណូវែល​សេឡង់ ឬយ៉ាងណា។ សម្តេចតេជោបានបន្ដថា “រឿងនេះយើងកំពុងពិនិត្យថា តើ មាន​ទំនាក់​ទំនងអ្វីនឹងភេរវកម្មនៅណូវែលសេឡង់ ឬអត់។ កាលពីពេលប៉ុន្មានខែមុននៅ​ណូវែល​សេឡង់​មានករណីសាសនាឥស្លាមបានទៅលើកព្រះវិហារឥស្លាម។ តែនៅស្រីលង្កា​បានវៃនៅ​ព្រះ​វិហារគ្រឹះទាំងអស់។ អីញ្ចឹងតើមានទំនាក់ទំនងអ្វីទេ  យើងមិនទាន់ហ៊ាន​សន្និដ្ឋាន ដោយសារ​មិនទាន់មានក្រុមណាមួយចេញមកធ្វើការទទួលខុសត្រូវ​ក្នុងការវាយ​ប្រហារនោះ។” សម្តេចតេជោបានលើកឡើងទៀតថា គ្រាន់តែតេឡេបញ្ជាត្រូវគេរកឃើញ​ជាង៨០​គ្រឿង។ សម្ដេចតេជោបានបន្ថែមថា បទពិសោធន៍ភេរវកម្មនៅស្រីលង្កា និងជា​មេរៀន​នៅប្រទេស​ណូវែលសេឡង់ សម្រាប់កម្ពុជាក្នុងការបន្តការគ្រប់គ្រងឱ្យបានម៉ត់ចត់​លើការ​ប្រើប្រាស់​អាវុធជាតិផ្ទុះ។ សម្ដេចតេជោបានបន្ថែមទៀតថា សេរីភាពហួសហេតុ​លើការប្រើប្រាស់អាវុធ ឬជាតិផ្ទុះមិនមែនជាសេចក្តីសុខរបស់ប្រជាជនទេ។ សម្តេចតេជោ​បានគូសបញ្ជាក់បន្ថែមថា “កម្ពុជាសូមតឹងតែងបន្តិចហើយចំពោះការប្រើប្រាស់អាវុធ តែការ​តឹងតែងយ៉ាងនឹងហើយនៅតែកើតមានបញ្ហា អ្នកខ្លះដកអាវុធ ផ្ជង់គេ ក៏មាន ដែលបណ្តាល​ឱ្យកើតរឿងដោយអាវុធនេះផង”៕

ដោយ ប៊ុនរិទ្ធ រូបថត៖ ហ៊ុន យុទ្ធគុណ