អភិបាលខេត្តកណ្តាលប្រជុំដោះស្រាយផលប៉ះពាល់ដោយសារខ្សែបញ្ជូនអគ្គិសនី

AKP កណ្តាល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ -នៅថ្ងៃចន្ទ ៣រោច ខែចេត្រ ​ឆ្នាំកុរ ឯកស័ក​ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានប្រជុំជាមួយ ប្រតិភូ​អគ្គិសនីកម្ពុជា ដើម្បីពិគ្រោះយោបល់​ អំពីការងារដោះស្រាយផលប៉ះពាល់ដីធ្លី​ សំណង់​ ផ្ទះសម្បែង​ របស់ប្រជាពលរដ្ឋ​ ដោយការសង់ខ្សែបញ្ជូនអគ្គិសនី​ ២៣០គីឡូវ៉ុល​ និង៥០០គីឡូវ៉ុល ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ និងឆ្លងកាត់ខេត្តកណ្តាល។

អង្គប្រជុំបានតាមដានយកចិត្តទុកដាក់​  ការធ្វើបទបង្ហាញអំពីគម្រោងខ្សែបញ្ជូនអគ្គិសនីរបស់ក្រុម​មន្ត្រីជំនាញអគ្គិសនី​  ជាបន្តបន្ទាប់ពាក់ពន្ធ័នឹងវិធានការជាបន្ទាន់​ដើម្បីដោះស្រាយផលប៉ះពាល់ដល់ផលប្រយោជន៍​របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ដែលរស់នៅតាមបណ្តោយខ្សែបញ្ជូនអគ្គិសនី មកកាន់រាជធានីភ្នំពេញនេះ។

ឯកឧត្តមបណ្ឌឹត ម៉ៅ ភិរុណ​ បានស្នើអាជ្ញាធរមូលដ្ឋាន និង​មន្ទីរស្ថាប័នពាក់ព័ន្ធ​ ត្រូវសហការ​ឱ្យបានជិតស្និទ្ធជាមួយ​មន្ត្រីក្រុមការងារអគ្គិសនីកម្ពុជា​ ធ្វើយ៉ាងណាឱ្យការសាងសង់​  គម្រោងបញ្ជូនខ្សែអគ្គិសនី​ ២៣០គីឡូវ៉ុល​ និង ៥០០គីឡូវ៉ុល​ ពីខេត្តព្រះសីហនុមករាជធានីភ្នំពេញ​ ឆ្លងខេត្តកណ្តាល​ ទទួលបានជោគជ័យ​ តាមផែនការគ្រោងទុក៕

ដោយ ណយ នឿន( ប្រភព មន្ទីរព័ត៌មានខេត្តកណ្តាល)