ប្រមុខរាជរដ្ឋាភិបាលអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ -និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ២.២៧៨នាក់ ដែលបានបញ្ចប់ការ​សិក្សា​នា​ពេលកន្លងមក បានទទួលសញ្ញាបត្រពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នា​យក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ នៅ​មជ្ឈម​ណ្ឌ​ល​សន្និ​បាត និងពិព័រណ៍កោះពេជ្រ។

ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ​ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ក្នុងចំណោមនិស្សិតដែលទទួលបានសញ្ញាបត្រនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រ ១.៩១៩ នាក់ នារី ១.០៨២នាក់ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣៥៥នាក់ នារី ១១២នាក់ និងថ្នាក់បណ្ឌិត ៤នាក់។ ក្នុងចំណោមនិស្សិតជ័យលាភី និស្សិតថ្នាក់បរិញ្ញាបត្រ ២រូប និង និស្សិតថ្នាក់បណ្ឌិត ១រូប បានទទួលសញ្ញាបត្រទ្វេពីសាកលវិទ្យាល័យណង់ និង សាលា ពាណិជ្ជសាស្ត្រ អន្តរជាតិណាន់ស៊ី ប្រទេសបារាំង។ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៨៥,៦ភាគរយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៩១,៨៣ភាគរយ និងថ្នាក់បណ្ឌិត ១០០ភាគរយកំពុង មានការងារធ្វើរៀងៗខ្លួន។

ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យា ល័យរប​ស់​រដ្ឋ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ បណ្តុះបណ្តាលធនធាន មនុស្ស សម្រាប់កម្ពុជាយ៉ាងសកម្ម។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៨៣ មកដល់ឆ្នាំ សិក្សា២០១៧-២០១៨ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រង មានចំនួនសរុប ៤៩.៩១៥នាក់ នារី ២១.៧២០នាក់។ ក្នុងនោះនិស្សិតអាហារូបករណ៍ចំនួន   ៦.៤៤៧នាក់ នារី ២.៤០៣នាក់ និងនិស្សិតសិក្សាបង់ថ្លៃចំនួន ៤៣.៤៦៨នាក់ នារី ១៩.៣១៧ នាក់។ បច្ចុប្បន្នអតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យ ឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។បច្ចុប្បន្ននិស្សិតកំពុងទទួលការបណ្តុះបណ្តាលក្នុងសាកលវិទ្យាល័យជាតិគ្រប់គ្រងមានចំនួនសរុប ១១.១៥២នាក់ នារី ៦.០៩២នាក់៕

ដោយជឹម ណារី