ឯកឧត្តម សៀង ណាំ ចូលរួមក្នុងពិធីសម្ពោធ និងកាត់ឫសសីមាវត្តជោរេនចេស្តា នៅស្រុកជីក្រែង

AKP សៀមរាប ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ — សមិទ្ធផលថ្មីរួមមាន ព្រះវិហារ កុដ្ឋិ និងសាលាឆាន់ នៅក្នុងវត្ត ជោរេនចេស្តា ហៅវត្ត     កណ្តាល ស្ថិតក្នុងភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រារព្ធពិធីសម្ពោធ និងកាត់ឫសសីមាដាក់ឱ្យប្រើប្រាស់ជាផ្លូវការទៅតាមពុទ្ធានុញ្ញាត ថ្វាយប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រជាពលរដ្ឋគោរពបូជាទៅតាមគន្លងប្រពៃណីសាសនា។ ពិធីនេះបានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត  សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោក លោកស្រីជាសមាជិកក្រុមការងារខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរស្រុក ឃុំ លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាកបាទក្រហម យុវជនកាយរិទ្ធកម្ពុជា សីលវ័ន្ត សីលវតី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ព្រះគ្រូ ព្រះមង្គលសោភ័ណ វ៉ាន់ ស៊ីថា ព្រះរាជាគណៈកិត្តិយស ជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអគ្គមហាសង្ឃរាជ្យ និងជាគ្រូចៅអធិការវត្តជោរេនចេស្តា ហៅវត្តកណ្តាល បានឱ្យដឹងថា ការសាងសង់ព្រះវិហារថ្មីនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១២ រហូតដល់ ឆ្នាំ២០១៩ ត្រូវចំណាយ អស់ថវិកាសរុបចំនួន៥៧ម៉ឺន៨២៨ដុល្លារអាម៉េរិក រួមទាំងសមទ្ធិផល កុដ្ឋិ និងសាលាឆាន់ផង។ សមិទ្ធផលថ្មីនេះ ក៏បានកើតចេញពីមហាកម្លាំងសាមគ្គីជាធ្លុងមួយ ទាំងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និងសប្បុរសជន ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ ដែលបានចូលរួមផងដែរ។      នៅក្នុងពិធីសំណេះសំណាលនា​ឱកាសនោះ លោក ពៅ ពិសិដ្ឋ បានលើកឡើងថា សមទ្ធិផលដែលបានកើតមាននៅក្នុងទីវត្តជោរេនចេស្តាហៅវត្តកណ្តាលនេះ ក៏កើតឡើង ក្រោមគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើមួយ ចំនួនដល់បងប្អូនប្រជាពុទ្ធបរិស័យ សូមឱ្យចៀសឱ្យឆ្ងាយនូវអំពើអបាយមុខខុសទៅនឹងច្បាប់ និងចូលរួមថែរក្សា អភិរក្សនូវធនធានធម្មជាតិ សំខាន់តំបន់ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននៅរដូវ វស្សាខាងមុខនេះ។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានធ្វើការកោតសរសើរចំពោះបងប្អូនប្រជាពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាជាកម្លាំងមហាសាមគ្គីមួយដ៏រឹងមាំ បានបរិច្ចាគនូវទ្រព្យធន់ផ្ទាល់ខ្លួន ដើមី្បលើកស្ទួយវិស័យពុទ្ធសាសនា ឱ្យមានការអភិវឌ្ឍរីកចម្រើន ទុកជាផលប្រយោជន៍រួម សម្រាប់ភិក្ខុសង្ឃប្រជាពុទ្ធបរិស័ទ ធ្វើបុណ្យធ្វើទាន ក្នុងផ្លូវព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ។

ក្នុងនោះដែរ ឯកឧត្តមក៏បានជម្រាបជូនបងប្អូនប្រជាពុទ្ធបរិស័ទថា គឺនៅ ពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងគ្រោងតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងសាសនាទូទៅ ដែលមាននៅកម្ពុជា នាពេលសព្វថ្ងៃនេះផង។ ឯកឧត្តមក៏បានលើកឡើងទៀតថា កិច្ចអភិវឌ្ឍន៍រីកចម្រើនទៅបាន គឺស្តែងចេញពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព ដើមី្បផ្តល់ឱកាស ឱ្យបងប្អូនប្រជាពលរដ្ឋ មានសិទ្ធិធ្វើបុណ្យទានគ្រប់ពេលវេលា។

នៅក្នុងឱកាសបុណ្យនោះដែរ  ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បាននាំយកអំណោយជាសទ្ធាដ៏ថ្លៃថ្លា នៃសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ក្នុងការចូលរួមកសាងទីវត្តបន្តនូវបច្ច័យចំនួន៥ពាន់ដុល្លារ និងឯកឧត្តមផ្ទាល់រួមនឹង ក្រុមការងារ សប្បុរសជន នូវបច្ច័យចំនួន ៥ពាន់៦០០ដុល្លារ ហើយគណៈអភិបាលខេត្ត សៀមរាប២លានរៀល។ ដោយឡែកសម្រាប់ចាស់សីលវ័ន្ត សីលវន្តីដែលបាន ចូលរួមក្នុងពិធីនោះក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ ប្រាក់១ម៉ឺនរៀល និងប្រជាពលរដ្ឋដែលបានចូលរួម៤០០នាក់ ក្នុងម្នាក់ៗទទួល សារុង១ផងដែរ៕

ដោយ ហង្ស សៀក