សង្ក្រាន្តឆ្នាំ២០១៩ ខេត្តកំពង់ចាម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣សែននាក់

វិទ្យុជាតិកម្ពុជា៖ដោយ លោក ចិន សារ៉ាត ៖

ខេត្តកំពង់ចាមសង្ក្រាន្ត ឆ្នាំ២០១៩ ព.ស ២៥៦២ ឈានចូល ២៥៦៣ ជាពិសេស ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ឆ្នាំ២០១៩នេះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកំសាន្ត នៅតាមរមណីដ្ឋាន នានា ក្នុងខេត្តកំពង់ចាម សរុបមានចំនួន ជាង៣៣១.៧០០នាក់ ក្នុងនោះ អន្តរជាតិ មានចំនួន ជិត៩៥០នាក់ដោយ ភ្ញៀវជាតិកើនឡើង ៦% និងអន្តរជាតិ កើនឡើង ២៧% បើធៀបទៅនឹងឆ្នាំ២០១៨ កន្លងទៅ ។

លោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរ ខេត្តកំពង់ចាម ឲ្យដឹងថា ឆ្នាំនេះភ្ញៀវទេសចរ មានការកើនឡើង ដោយសារអាជ្ញាធរខេត្តបង្កើតសង្ក្រាន្ត តាមតំបន់គោលដៅសំខាន់ៗ នៅក្នុងក្រុងស្រុក សរុបចំនួន ១៣កន្លែង និង សាលាខេត្ត បានកំណត់ឲ្យមន្ទីរទេសចរណ៍ សហការ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងសាលាក្រុងកំពង់ចាម ទទួលភារកិច្ចរៀបចំសង្ក្រាន្ត នៅវាលស្មៅមុខសាលា ខេត្តកំពង់ចាម ដោយមានភ្ញៀវទៅលេងកំសាន្ត យ៉ាងច្រើនកុះករ ។


លោកប្រធានមន្ទីរ បញ្ជាក់ថា
ការកើនឡើងចំនួនភ្ញៀវទេសចរនេះគឺមួយផ្នែកដោយសារមន្ទីរទេសចរណ៍ខេត្ត បានសហការណ៍ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំកម្មវិធី នៅតាមរមណីដ្ឋានលេងល្បែងប្រជាប្រិយ ដូចជា ៖ ទាញព្រ័ត្រ ចោលឈូង លាក់កន្សែង បោះអង្គុញ លោតបាវ វាយក្អម និងរាំកំសាន្ត ជាដើម ។


លោកបានបន្តថាការរៀបចំអោយមានល្បែប្រជាប្រិយជូនប្រជាពលរដ្ឋលេងសប្បាយនេះគឺ ក្នុងន័យលើកកម្ពស់វប្បធម៌ប្រពៃណី និងទំនៀមទំលាប់ខ្មែរ ក្រោមម្លប់សន្តិភាព នៃការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ ៕