គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសចូលឆ្នាំខ្មែរបានកើតឡើងចំនួន១០៩ ស្លាប់មនុស្ស៥២នាក់

វិទ្យុជាតិកម្ពុជា​៖​ លោក​ វ៉ាង​ ភក្តី​៖


គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា បានកើតឡើងចំនួន១០៩លើក ដោយសម្លាប់មនុស្ស៥២នាក់ ខណៈនៅមានមនុស្សចំនួន១៨៣នាក់ផ្សេងទៀតរបួសធ្ងន់ និងស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសានេះ បានឲ្យដឹងថា គ្រោះថ្នាក់ទាំងនេះ បានបណ្តាលឲ្យខូចខាតយានយន្តសរុប២០០គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២៣គ្រឿង ហើយមូលហេតុដែលនាំឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺមកពីកត្តាបើកបរក្នុងល្បឿនលឿន មិនគោរពសិទ្ធិ ប្រជែង បត់ក្នុងស្ថានភាពគ្រោះថ្នាក់ មិនប្រកាន់ស្តាំ ស្រវឹង និងកត្តាយានយន្ត។ ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងចំណោមជនរងគ្រោះទាំងអស់ មានអ្នកមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ១៤២នាក់៕