នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃនេះ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួនជិត៨ម៉ឺននាក់

AKP រតនគិរី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ — លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ថា រយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៩ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ៧៨.១១៥នាក់។ ប្រធានមន្ទីរទេសចរណ៍រូបនេះបានបញ្ជាក់ថា តាមរមណីយដ្ឋានសំខាន់ៗក្នុងខេត្ត រតនគិរី ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នេះខេត្ត ទទួលបានភ្ញៀវទេសចរ សរុប ៧៨.១១៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៧៧.៣៧៦នាក់ ភ្ញៀវអន្តរជាតិ ៧៣៩នាក់ បើប្រៀបធៀបទៅនឹងឆ្នាំង២០១៨ មានការកើនឡើង០,១៤ភាគរយ ខណៈ ឆ្នាំ២០១៨ មានចំនួន ៧៨.០០៨នាក់តែប៉ុណ្ណោះ ក្នុងនោះភ្ញៀវជាតិមានការកើនឡើង ១.១២ភាគរយ និងភ្ញៀវអន្តរជាតិមានការកើនឡើង ១,៦២ភាគរយ។

រមណីយដ្ឋានសំខាន់ៗ ដែលភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេមានដូចជា រមណីយដ្ឋានធម្មជាតិ បឹងយក្សឡោម បឹងលំគុដ ទឹកធ្លាក់៧ជាន់ អូរសៀងលែ ទឹកជ្រោះ កាចាញ និងទឹកធ្លាក់ចាអ៊ុង៕

ដោយ ណយ នឿន (ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី)