សង្ក្រាន្តថ្មីសំបូរព្រៃគុកឆ្នាំ២០១៩ ទទួលភ្ញៀវទេសចរមកទស្សនាកម្សាន្តជិត២០០០០០នាក់

AKP កំពង់ធំ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ — លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ មានប្រសាសន៍នៅព្រឹកថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ភូមិភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំមានមានភ្ញៀវទេសចរមក ទស្សនា កម្សាន្តចំនួន១៨៨.០៧៨នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន១៨៨.០០៨នាក់ និងភ្ញៀវអន្តរជាតិ ចំនួន៧០នាក់។ លោក សេង អាន បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ​ខ្មែរនេះផងដែរ នៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំដូចជានៅរមណីយដ្ឋាន ភ្នំសន្ទុក រមណីយដ្ឋានស្ទឹងជីនិត រមណីយដ្ឋានបឹងសំរឹទ្ធ សំពៅត្រៃលោក ត្រៃលក្ខណ៍​ជាដើម។ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកមានភ្ញៀវ ទេសចរមក ទស្សនាកម្សាន្តសរុប ចំនួន២១៤៥២៦នាក់ ក្នុងនោះភ្ញៀវជាតិចំនួន២១៤.៤១៤នាក់ និងភ្ញៀវ អន្តរជាតិ ចំនួន១១២នាក់។

លោកបន្តទៀតថា   ម្យ៉ាងវិញទៀតដើម្បីលើកតម្កើងនូវអរិយធម៌ វប្បធម៌ ទំនៀម ទម្លាប់ ជំនឿ សាសនា និងប្រពៃណីដ៏ផូរផង់ រួមនឹងសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងរូបី និងអរូបីរបស់ខ្លួនឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់ និងបន្តពង្រីក នូវកិត្យា នុភាពនេះ នៅលើឆាកអន្តរជាតិថែមទៀតផង។ តំបន់រមណីយដ្ឋានប្រាសាទ សំបូរព្រៃគុក ស្ថិតនៅភូមិ សំបូរឃុំសំបូរ ស្រុកប្រាសាទសំបូរ ចម្ងាយប្រមាណ៣០គ.ម ភាគឦសាន ទីរួម ខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦២បត់ស្ដាំ ត្រង់ភូមិកូនត្នោតឃុំ ជ័យស្រុក កំពង់ស្វាយ។

គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ (២០១៥-២០១៩) ដែលរដ្ឋបាលខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តគ្រប់ទិសទី បានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តថ្មីសំបូរព្រៃគុក ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនខ្មែរទូទៅ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមជាមហាគ្រួសារ ខ្មែរតែមួយ ក្រោមស្មារតីសាមគ្គីភាព សប្បាយរីយរាយ សុភមង្គល និងដើម្បីផ្ដល់ឱកាសឱ្យ យុវជនខ្មែរជំនាន់ក្រោយបានឈ្វេងយល់នូវភាពរុងរឿង នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរមក៕

ដោយ​ ស៊ុម វណ្ណា