រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរប្រមាណជិតមួយលាននាក់

AKP បាត់ដំបង ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ — តាមស្ថិតិរបស់មន្ទីរខេត្តបាត់ដំបងបានចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នេះថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេស ចរណ៍នានាក្នុងខេត្តបាត់ដំបង នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានមានរហូតចំនួន ៩៩៥.២១៩នាក់ កើនឡើង ៤២,២១ភាគរយ បើធៀបនឹងឆ្នាំ២០១៨ មានចំនួន ៦៩៩.២១៣ នាក់។ ក្នុងនោះមានភ្ញៀវទេសចរជាតិមានចំនួន ៩៩៤.៣៦៧នាក់ កើនឡើង ៤២,២១ភាគរយ ធៀបនឹងឆ្នាំ២០១៨ មានចំនួន ៦៩៩.២១៣នាក់។ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៨៥២ នាក់ កើនឡើង ២,៧៧ភាគរយ ធៀបនឹងឆ្នាំ២០១៨ មានចំនួន៨២៩នាក់។ ដោយឡែក ភ្ញៀវទេសចរដែលបានចូលលេងក្នុងកម្មវិធីសង្រ្កាន្តបាត់ដំបង ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុប ៩២៨.១៩៧នាក់។ ក្នុងនោះ ភ្ញៀវជាតិមាន ចំនួន ៩២៧ ៤៥៧ នាក់ភ្ញៀវអន្តរជាតិមានចំនួន ៧៤០នាក់។

រមណីយដ្ឋានដែលភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេមានសង្ក្រាន្ត ដែលរៀបចំឡើង នៅក្រុងបាត់ដំបង  រមណីយដ្ឋានភ្នំសំពៅ ប្រាសាទឯកភ្នំ ប្រាសាទភ្នំបាណន់ អាងទឹកកំពីងពួយ កន្លែងជិះណូរីនៅជើងភ្នំបាណន់ជាដើម៕

ដោយ ណយ នឿន