អភិបាលស្រុកបន្ទាយស្រីអះអាងថា នឹងមានគម្រោងធ្វើនំបញ្ចុកយក្ស នៅក្នុងបន្ទាយស្រីសង្ក្រាន្តឆ្នាំក្រោយ

AKP សៀមរាប ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ — លោក ណុប វុធ្ធី អភិបាល​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ បាន​ថ្លែង​នៅ​ក្នុង​ពិធីបិទបន្ទាយស្រីសង្ក្រាន្តកាល​ពីរសៀល​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ២០១៩ថា ឆ្នាំនេះ​រដ្ឋបាលស្រុកបន្ទាយស្រីសហការជាមួយក្រុម​យុវជនបាន​រៀប​ចំ​បន្ទាយស្រី​សង្ក្រាន្ត ក្នុង គោលបំណងជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាផ្តល់ឱកាសឱ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីសាសនា និងបន្តថែរក្សា កេរមរតកនេះឱ្យបានគង់វង្ស។ បំផុស គំនិតរួបរួមកម្លាំងសាមគ្គីភាព ខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតី អភិរក្សអភិវឌ្ឍន៍វប្បធម៌  និងអត្តសញ្ញាណជាតិខ្មែរ ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ និងផ្តល់ឱកាសឱ្យពាណិជ្ជករ អាជីវករ ចូលរួមតាំងបង្ហាញម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និងផលិតផល ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់។លោកបាន​បន្តថា នៅ​ក្នុង​រយៈពេល៣ថ្ងៃ នៃបន្ទាយស្រីសង្ក្រាន្តនេះ គឺមាន​កម្មវិធីជាច្រើនដូចជា កម្មវិធីសាសនា  កម្មវិធីល្បែងប្រជាប្រិយ កម្មវិធីសួនស្នេហ៍បន្ទាយស្រី ដែលក្រុមការងារបានយកត្រសក់ផ្អែមប្រមាណ៦០០ផ្លែ មកតុបតែងបង្ហាញពីភាពសម្បូរ បែប ផ្នែកកសិកម្មនៅក្នុងស្រុកបន្ទាយស្រី កម្មវិធីគង្គាបន្ទាយស្រី ការបង្ហាញស្ករផែនយក្ស ដើម្បី លើកស្ទួយផលិតផលស្ករត្នោត  បង្ហាញដល់សាធារណជន និងភ្ញៀវជាតិ អន្តរជាតិ នៅស្រុក បន្ទាយស្រី ហើយស្ករផែននេះមានរស់ជាតិ ឈ្ងុយឆ្ងាញ់ មិនមានជាតិគីមី គឺធម្មជាតិ សុទ្ធសាធ។

លោក ណុប វុធ្ធី បាន​បញ្ជាក់ថា នៅ​ក្នុង​រយៈពេល៣ថ្ងៃនៃបន្ទាយស្រីសង្ក្រាន្តនេះ គឺមាន​ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ២ម៉ឺននាក់បានមកចូលរួម​កម្សាន្តសប្បាយ រីករាយ។ លោកបន្តថា បន្ទាប់ពីបន្ទាយស្រីសង្ក្រាន្តឆ្នាំនេះ ទទួលបាន​ជោគជ័យឆ្នាំក្រោយ រដ្ឋបាលស្រុកបន្ទាយស្រីសហការជាមួយក្រុម​យុវជន និង​រៀប​ចំ​បន្ទាយស្រី​សង្ក្រាន្តបន្តទៀត ដោយមាន​គម្រោងធ្វើនំបញ្ចុកយក្ស បង្ហាញដល់ភ្ញៀវទេសចរ ព្រោះនំបញ្ចុកជា នំប្រចាំតំបន់ ព្រះដាក់ស្រុកបន្ទាយស្រី និងជួយលើកអាហារប្រចាំតំបន់មួយនេះឱ្យកាន់តែ មានភាពល្បីល្បាញ ជាមួយគ្នា ក៏និងមាន​កម្មវិធីប្លែកៗជាច្រើន​ទៀត ដែលនិងត្រូវ​បង្ហាញ​នៅក្នុង​បន្ទាយស្រីសង្ក្រាន្តនៅ​ឆ្នាំក្រោយ៕

ដោយ ឃុត សៅ