រយៈពេលបីថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខេត្តំពង់ចាមទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តប្រមាណជាង៣៣ម៉ឺននាក់

AKP កំពង់ចាម ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ — លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឱ្យដឹងនាព្រឹកថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះថា ក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩នេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្ដតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ដ មាន ប្រមាណជាង ៣៣ម៉ឺននាក់ គឺមានកំណើនច្រើនជាងបើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨។

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺភ្ញៀវជាតិមានចំនួន៣៣១៧០០នាក់ កើនប្រមាណ៦ភាគរយ និងភ្ញៀវទេសចរអន្តរជាតិមាន ចំនួនប្រមាណ៩០០នាក់កើនប្រមាណ២៧ភាគរយ ដែលកាលពីរដូវចូលឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ រយៈពេលបីថ្ងៃដូចគ្នាខេត្តកំពង់ចាមមានភ្ញៀវមកកម្សាន្តប្រមាណតែជាង៣០ម៉ឺ ននាក់ប៉ុណ្ណោះ ដែលមានភ្ញៀវជាតិប្រមាណជាង៣១៤០០០នាក់ និងភ្ញៀវអន្តរជាតិមាន ប្រហែលជាង៥០០នាក់។

លោក ស៊ាន សុគុន បានឱ្យដឹងថា នៅក្នុងខេត្តកំពង់ចាមមានរមណីយដ្ឋានទេសចរណ៍ ចំនួន១០កន្លែងសម្រាប់ភ្ញៀវមកកម្សាន្តសប្បាយ។ ក្នុងបណ្តារមណីយដ្ឋានទេសចរណ៍ទាំង នោះការនិយមទៅកម្សាន្តជាងគេមានរមណីយដ្ឋានទេសចរណ៍ទឹកឆាដែលភ្ញៀវទៅកម្សាន្តមានរហូតដល់ជិត៧ម៉ឺននាក់។ រមណីយដ្ឋានទេសចរណ៍ភ្នំប្រុស ភ្នំស្រីជាង៤ម៉ឺននាក់។ រមណីយដ្ឋានទេសចរណ៍វត្តនគរបាជ័យភ្ញៀវទៅកម្សានជាង ៣ម៉ឺននាក់។ រមណីយដ្ឋានទេសចរណ៍ភ្នំហាន់ជ័យប្រមាណជាង៣ម៉ឺននាក់។ រមណីយដ្ឋានទេសចរណ៍ ភ្នំជើងព្រៃជាង៤ម៉ឺននាក់។ រមណីយដ្ឋានទេសចរណ៍ទំនប់៥ កុម្ភៈជាង៤ម៉ឺននាក់។ ឆ្នេរខ្សាច់កោះប៉ែនមានភ្ញៀវមកកម្សាន្ត ជាង១ម៉ឺននាក់និងសង្ក្រាន្ដក្នុង ក្រុងកំពង់ចាមមានអ្នកចូលរួមនិងមកកម្សាន្តមានប្រមាណជាង ៧ម៉ឺននាក់។

លោក ស៊ាន សុគុន បានឱ្យដឹងទៀតថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះខេត្តកំពង់ចាម បានរៀបចំកម្សាន្តតាមកម្មវិធីសង្ក្រាន្ត នៅតាមបណ្តារមណីយដ្ឋានទេសចរណ៍និងតាមវត្តអារាម មានរហូតដល់ជាង៣៥កន្លែង តាមបណ្តាស្រុកនិងវត្តអារាមនៅទូទាំងខេត្តដោយបង្កើតឱ្យមានលេងល្បែងប្រជាប្រិយនៅតាមទីវត្ត អារាមនានា និង បង្កើតឱ្យមានព្រឹត្តិការណ៍ជាច្រើនទៀត សម្រាប់ឱ្យភ្ញៀវទេសចរលេង សប្បាយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងដើម្បីបង្កើតភាព សប្បាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះក៏ដូចរួមចំណែកបង្កើតភាពទាក់ទាញភ្ញៀវមកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ផងដែរ។

លោក ស៊ាន សុគុនបានឱ្យ ដឹងថា ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តមអភិបាលខេត្តកំពង់ចាមដោយចង្អុលបង្ហាញដល់មន្ទីរទេសចរខេត្តធ្វើយ៉ាងណារៀបចំអភិវឌ្ឍន៍និងអភិរក្សនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ទាំងអស់របស់ខេត្តជាចំណុចទាក់ទាញដល់ភ្ញៀវមកកម្សាន្តពិសេសឆ្នាំនេះអាជ្ញាធរខេត្តបានរៀបចំឱ្យ មាននៅព្រឹតិការណ៍ សង្ក្រាន្តនៅតាមរមណីយដ្ឋាន វត្តអារាម ដើម្បីកម្សាន្តសប្បាយរបស់ភ្ញៀវ។ អ្វីដែលព្រឹតិ្តការណ៍ សង្ក្រាន្តឆ្នាំនេះមានភាពសប្បាយរីករាយ ​ប្រកប​ដោយ​សុខសុវត្ថិភាពក្រោមកិច្ចការពារ ធានាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ល្អ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់​កង​កម្លាំងគ្រប់ប្រភេទនិងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់របស់ខេត្តប្រជាពលរដ្ឋយើងអាចធ្វើដំណើរកម្សាន្តទៅកាន់គ្រប់ទីកន្លែងដោយពុំ​មានបញ្ហាឡើយពិសេស ប្រទេសជាតិមានសុខសន្តិភាពប្រជាពលរដ្ឋធ្វើ ដំណើរកម្សាន្តដោយសប្បាយរីករាយ៕

ដោយឆាយ ម៉ុត