អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកសម្ពោធសង្ក្រាន្តសមុទ្រនៅឆ្នេរឯករាជ្យ

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ រួមជាមួយមន្ត្រីរាជការក្នុងខេត្ដ បានអញ្ជើញបើកសម្ពោធកម្ម វិធីសង្ក្រាន្ត​សមុទ្រ ដែលប្រារព្ធធ្វើនៅឆ្នេរឯករាជ្យ ក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។   ពិធីនេះ បានធ្វើឡើង កាលល្ងាចថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ បានមានប្រសាសន៍ថា នេះជាកម្មវិធី​សង្ក្រាន្តសមុទ្រលើកទីមួយ ក្នុងគោលបំណងដើម្បីបង្កលក្ខណៈសប្បាយៗ​ជូនបងប្អូន​ប្រជា​ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៩ ក្នុងនោះរួមមាន ការរៀបចំកម្មវិធីសប្បាយៗជាច្រើន ការដាក់តាំងពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។ ឯកឧត្តមអភិបាលខេត្ដបាន​បញ្ជាក់ថា ផ្អែកលើសក្តានុពលដ៏សម្បូរបែប និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍន៍រីក​ចម្រើនយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០១៨ កន្លង​មក ជាមួយនឹងសមិទ្ធផលដែលទទួលបាន ដូចជា ​កំពង់ផែក្រុងព្រះ សីហនុបាន និងកំពុង​ពង្រីកបរិមាណ និងប្រសិទ្ធភាពនៃការផ្ទេរ និងផ្ទុកទំនិញ ។
តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ របស់ខេត្ត កំពុងដំណើរការ និងពង្រីកសក្តានុពលសេដ្ឋកិច្ចឧស្សាហកម្ម។ ព្រលាន យន្តហោះ​អន្តរជាតិខេត្តព្រះសីហនុត្រូវបានពង្រីកសម្រាប់ការហោះហើរក្នុងស្រុក និងអន្តរជាតិយ៉ាង​មមាញឹក ដែលបានទាក់ទាញអ្នកវិនិ​យោគគិនបរទេស និងក្នុងស្រុកមកបណ្ដាក់ទុន ​រកស៊ី នៅខេត្តព្រះ សីហនុ លើគ្រប់វិស័យ ។ រដ្ឋបាលខេត្ដបានកែលម្អសោភណភាពក្នុងក្រុង និង​តាមតំបន់រមណីយដ្ឋានទេសចរណ៍នានាឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងអនាម័យ​បរិស្ថានល្អ។ ជាមួយគ្នានេះ ក៏ពង្រីកបណ្ដាញអគ្គិសនី និងទឹកស្អាតក្នុងទីក្រុង និងជនបទ  បានបញ្ចប់ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន៤ ទីតាំង ដើម្បីទប់ស្កាត់ការហូរ​ទឹក​កខ្វក់​ចូលក្នុងសមុទ្រ ព្រមទាំងបង្កើនសមត្ថភាពស្ថានីយច្រោះទឹកកខ្វក់ខេត្តព្រះសីហនុចំនួន២ បន្ថែមទៀត និងទំនប់បង្ហៀរចម្រុះមួយចំនួន ។

ឯកឧត្តមបានបន្ដថា សមិទ្ធផលនៃការអភិវឌ្ឍថ្មីៗដែលយើងសម្រេចបានកន្លងមកនេះ គឺជា​ស្នាដៃដែលបានមកពីការខិតខំប្រឹងប្រែងយ៉ាងសកម្មប្រកប ដោយស្មារតីទទួល​ខុសត្រូវខ្ពស់​​របស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាព​ពាក់ព័ន្ធទាំងអស់ រួមទាំងមន្ត្រីរាជការសមត្ថកិច្ចគ្រប់ជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជាពិសេសការចូលរួម ពីវិស័យឯកជនក្នុងការអភិវឌ្ឍខេត្តព្រះ សីហនុឱ្យមានការរីកចម្រើន​ជាបន្តបន្ទាប់ លើគ្រប់វិស័យ  ៕

ដោយ ងូ សុមុនី