ប្រមុខរាជរដ្ឋាភិបាលបន្តអំពាវនាវឱ្យអាជ្ញាធរគ្រប់ថ្នាក់បន្តរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពល រដ្ឋនៅថ្ងៃទីពីរនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមេសាឆ្នាំ២០១៩ — ក្នុងខណៈដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាពនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរ នៅតាមច្រកនានា រួមទាំងព្រលានយន្តហោះ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ បានដើរកម្សាន្ត សប្បាយរីករាយនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីនះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩ សម្ដេចតេជោបានសរសេរថា “ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញបងប្អូនជនរួមជាតិ និងក្មួយៗ ព្រមទាំងចៅៗបានជួបជុំធ្វើបុណ្យទានសប្បាយរីករាយជាមួយក្រុមគ្រួសារ សាច់សារលោហិតជិតឆ្ងាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង”។

សម្ដេចតេជោបានស្វាគមន៍ផងដែរ ដល់បងប្អូនខ្មែររស់នៅក្រៅប្រទេស ដែលបានធ្វើដំណើរមកចូលរួមសប្បាយរីករាយក្នុងថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសជាតិ។ សម្ដេចតេជោក៏បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនានា បន្តយកចិត្តទុកដាក់ជួយ សម្រួលដល់ការធ្វើដំណើរ របស់ពលរដ្ឋ និងភ្ញៀវទេសចរ នៅតាមច្រកនានា រួមទាំងព្រលានយន្តហោះ និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីធានាសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍ បានកម្សាន្ត សប្បាយរីករាយនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីនះ។

សម្ដេចតេជោ ក៏សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយ និងសូមទទួលបាននូវសិរីសួស្តី លាភសំណាងល្អ និងជោគជ័យថ្មីៗក្នុងជីវិតគ្រប់ៗគ្នា។ ជាមួយគ្នានេះ ប្រទេសមាន សុខសន្តិភាព ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូច ធំដូចនេះបាន៕

ដោយ ជឹម ណារី