រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធី សង្ក្រានឆ្នាំថ្មីនៅទីលានសួនច្បារក្នុងខេត្ដ

AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំទទួលទេវតាឆ្នាំថ្មីដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការជាច្រើនផ្សេងទៀតចូលរួមផងដែរ។ ​ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃ អាទិត្យ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ​នៅទីលានសួនច្បារ ខេត្តកំពង់ឆ្នាំង។ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ផ្ញើសារប្រគេនពរ ដល់ព្រះសង្ឃ​គ្រប់​ព្រះអង្គ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាង​ល្អ។ ឯកឧត្តមបានបន្ដថា ការរៀបចំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិក្នុងឆ្នាំនេះ ក៏ដូចជាបណ្តាឆ្នាំមុនៗដែរ ជាពិសេសក្នុងឆ្នាំនេះ សង្ឃឹមថា នឹងមានអ្នកចូលរួមសង្កា្រន្ដ នៅខេត្តកំពង់ឆ្នាំង​ច្រើនជាងឆ្នាំកន្លងទៅ។ ឯកឧត្តមបានបន្តថា  ក្រុមជំនាញខាងសិល្បៈ បាន រៀបចំយ៉ាងស្រស់ស្អាត ក្នុងការដំឡើងផ្ទះសម្រាប់ថតរូបជាវត្ថុអនុស្សាវរីយ៍ និងរៀបចំគ្រោង សញ្ញាឆ្នាំង ជាអត្តសញ្ញាខេត្ត ព្រមតាំងលម្អ របស់ផ្សេងៗទៅតាមកន្លែងនីមួយៗ នៅមុខ សា លាខេត្តកំពង់ឆ្នាំង ដើម្បីឱ្យប្រជាពលរដ្ឋចូលរួម ទស្សនា និងថតលេងកម្សាន្ត ។ទន្ទឹមនេះ សម្រាប់​សង្ក្រានឆ្នាំថ្មី ឆ្នាំ២០១៩ នេះពិតជាមានយុវជន យុវនារី និងប្រជាពលរដ្ឋចូល​រួមយ៉ាងច្រើនកុះករ ក៏ព្រោះតែគម្រោងរៀបចំឆ្នាំនេះធំជាឆ្នាំមុន។ ទោះយ៉ាងនេះក្តីក្នុងនាម អាជ្ញាធរខេត្ត ឯកឧត្តមសូមអំពាវនាវដល់ស្រទាប់យុវជនយុវនារី និងអ្នកចូលរួមទាំងអស់ សូមមេត្តាកុំលេងគប់ទឹក និងប៉ាតម្សៅ ដែលការលេងបែបនេះតែងតែបង្ក​​គ្រោះថ្នាក់ដល់​អ្នកធ្វើដំណើរ។

ឯកឧត្តមអភិបាលខេត្ដក៏ថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរៀប​ចំគម្រោងឱ្យធំជាងបណ្ដាឆ្នាំមុនៗ ហើយសង្ឃឹមថា ការរៀបចំសង្ក្រាន្តឆ្នាំថ្មី​នេះក៏មិនខុសពី​បណ្តា​ឆ្នាំមុនដែលនឹងមានដាក់ឱ្យមានលេងល្បែងកម្សាន្តប្រជាប្រិយ មានចោលឈូង បោះ​អង្គុញ ទាញព្រ័ត្រ ជាដើម ដែលកម្មវិធីនី​មួយៗ នឹងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និង មន្ទីរជាច្រើនទៀត៕

ដោយ បៃ ស៊ីថុន