ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញចូលរួមមហាសង្រ្កាននៅប្រាសាទកោះកេរ ក្នុងខេត្ដព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ — ព្រះវិហារសង្រ្កានកោះកេរ បានចាប់ផ្តើមបើកនៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ ស្ថិតក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តម គឹម សេតារា ប្រធានអជ្ញាធរជាតិប្រាសាទព្រះវិហារ ថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងប្រ​ជា​ពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមដោយក្តីសប្បាយរីករាយ ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ឆ្នាំ២០១៩នេះបងប្អូនប្រជាពលរដ្ឋ​​យើងធ្វើបុណ្យចូលឆ្នាំខ្មែរ ក្នុងបរិយាកាសប្បាយរីករាយណាស់ នៅព្រះវិហារសង្រ្កានកោះកេរ មានការតាំងលក់ផលិតផលរបស់របររបស់បងប្អូនយើងចំនួន៥០ស្តង់ ហើយនៅទូទាំង ខេត្ត​មានកងកម្លាំងប្រដាប់អាវុធការពារចំនួន១.៤០០នាក់ ត្រូវបានដាក់ពង្រាយតាមតំបន់រមណីយ​ដ្ឋានទេសចរណ៍នានា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ​ទេស ចរជាតិ និងអន្តរជាតិដែលមកលេងកម្សា​ន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងកោតសរសើរបងប្អូន​ថ្នាក់ដឹកនាំ​ខេត្តទាំងអស់ ដែលបានថែរក្សាប្រពៃណីជាតិជាពូជពង្សខ្មែរអង្គរ ដ៏រុងរឿងនៃយើង បានរៀប​ចំធ្វើព្រះវិហារសង្រ្កានកោះកេរ ក្នុងបរិយាកាសសុខសាន្ត សន្តិភាព អភិវឌ្ឍន៍ ដោយសប្បាយ​រីករាយខ្លាំងណាស់។

នៅក្នុងឱកាសសង្ក្រាន្តនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនយើង ចូលរួមថែរក្សានយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថិរបន្ដទៀត ដើម្បីបន្ដរក្សាសន្ដិភាព និងការអភិវឌ្ឍប្រទេសឱ្យ​កាន់តែរីកចម្រើនបន្ថែមទៀត ៕

ដោយ​ ទិត ស្រ៊