រដ្ឋមន្ត្រីការពារប្រទេសស៊ូដង់ស្បថចូលកាន់តំណែង ជាប្រធានក្រុមប្រឹក្សាបណ្តោះអាសន្ន

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ — ទូរទស្សន៍ស៊ូដង់ផ្លូវការរាយការណ៍ថា រដ្ឋមន្ត្រីការពារប្រទេសស៊ូដង់ លោក Awad Mohamed A hmed Ibn Auf កាលពីថ្ងៃព្រហស្បតិ៍បានស្បថចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអន្តរកាលនៅក្នុងប្រទេសស៊ូដង់។

សេចក្តីរាយការណ៍បាននិយាយថា លោក Awad Mohamed Ibn Auf បានស្បថចូលកាន់តំណែងតាមច្បាប់រដ្ឋធម្មនុញ្ញធ្វើជាប្រធានក្រុមប្រឹក្សាយោធាបណ្តោះអាសន្ន និងលោក Kamal Abdul –Marouf Al-Mahi  ធ្វើជាអនុរបស់លោក ។ កាលពីថ្ងៃព្រហស្បតិ៍លោក Ibn Auf  បានប្រកាសពីការបណ្តេញប្រធានាធិបតីស៊ូដង់លោក Omar al-Bashir  និងរដ្ឋាភិបាលរបស់លោក ។

លោកបានប្រកាសថែមទៀតស្ថានភាពគ្រាអាសន្នមួយសម្រាប់រយៈពេល៣ខែ និងបម្រាមគោចរមួយសម្រាប់រយៈពេលមួយខែ​ ។ លោករដ្ឋមន្ត្រីការពារប្រទេសបាននិយាយថា ក្រុមប្រឹក្សាយោធាមួយនឹងត្រូវគេបង្កើតឡើងគ្រប់គ្រងប្រទេសក្នុងអំឡុងសម័យអន្តរកាលរយៈ​ពេល២ឆ្នាំ ។

លោកក៏បានប្រកាសផងដែរ ការព្យួរទុកច្បាប់រដ្ឋធម្មនុញ្ញបណ្តោះអាសន្នរបស់សាធារណរដ្ឋស៊ូដង់ នឹងបិទដែនអាកាសស៊ូដង់រយៈពេល២៤ម៉ោង ព្រមជាមួយការឆ្លងកាត់ព្រំដែននៅក្នុងប្រទេសស៊ូដង់ទាំងអស់រហូតដល់មានការជូនដំណឹងថែមទៀត​ ។

ចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ មកប្រទេសស៊ូដង់គេឃើញមានការតវ៉ារបស់ប្រជាជនលើស្ថានភាពសេដ្ឋកិច្ច ដែលកាន់តែយ៉ាប់យ៉ឺនឡើង ព្រមទាំងតម្លៃឡើងខ្ពស់នៃរបស់ប្រើប្រាស់ជាមូលដ្ឋាន​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )