វេទិកាកិច្ចអភិវឌ្ឍន៍ក្របខណ្ឌច្បាប់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩​ — វេទិកាស្តីពីការចុះបញ្ជីសហប្រតិបត្តិការសម្ព័ន្ធអាស៊ី – ប៉ាស៊ីហ្វិកអន្តរជាតិលើកទី ២ (ICA-AP) នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមេសា ដោយកំណត់នូវក្របខ័ណ្ឌច្បាប់ និងគោលនយោបាយដែលប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍សហប្រតិបត្តិការប្រកបដោយចីរភាព។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមប្រធានបទ «បង្កើតក្របខណ្ឌច្បាប់ និងគោលនយោបាយអនុវត្ដន៍ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃកិច្ចសហប្រតិបត្តិការក្នុងសតវត្សរ៍ទី ២១» ដែលត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំគណៈប្រតិភូមកពីរដ្ឋាភិបាលវៀតណាម ប្រតិភូមកពី ICA-AP ថ្នាក់ដឹកនាំសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការមកពី ៦៣ទីក្រុង និងខេត្ត ព្រមទាំងអ្នកតំណាងអន្តរជាតិ ១២០នាក់។

ប្រធានសម្ព័ន្ធសហប្រតិបត្តិការវៀតណាម លោក Nguyen Ngoc Bao បាននិយាយកាលពីថ្ងៃទី ១១ ខែមេសា ថា វេទិកានេះនឹងពិភាក្សាអំពីនិន្នាការអភិវឌ្ឍ និងផលប៉ះពាល់ទៅលើកិច្ចសហប្រតិបត្តិការក្នុងសតវត្សរ៍ទី២១ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការបង្កើតបរិយាកាសអំណោយផលបរិស្ថានសម្រាប់កិច្ចសហប្រតិបត្តិការប្រព័ន្ធអេកូ។

លោកបាននិយាយបន្ថែមថា ព្រឹត្តិការណ៍នេះក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងចលនាសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គម នាពេលបច្ចុប្បន្ននេះផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រធានវិទ្យាស្ថានសេដ្ឋកិច្ចកសិកម្មសរីរាង្គវៀតណាម លោក  Le Thanh បាននិយាយថា វេទិកានេះនឹងបង្កើតនូវឱកាសសម្រាប់បណ្តាប្រទេសក្នុងតំបន់ និងអង្គការអន្តរជាតិ ដើម្បីទទួលបាននូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេដ្ឋកិច្ចសហប្រតិបត្តិការវៀតណាម និងសហប្រតិបត្តិការក្នុងប្រទេស ដើម្បីណែនាំផលិតផលរបស់ពួកគេ និងទទួលបានការចូលទៅកាន់ទីផ្សារនៅតំបន់អាស៊ី – ផ្សារអាស៊ី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)