ក្រសួងវប្បធម៌ណែនាំពីរណ្ដាប់សម្រាប់ទទួលទេវតាក្នុងឱកាសចូលឆ្នាំថ្មី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំពីរណ្ដាប់សម្រាប់ទទួលទេវតាក្នុងឱកាសចូលឆ្នាំថ្មី ដើម្បីសិរីសួស្តីក្នុងឱកាសផ្លាស់ឆ្នាំចាស់តាមទំនៀមទំលាប់ពីបុរាណនេះ។
ក្រសួងជំនាញនេះ បានលើកឡើងថា រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ បន្ថែមលើនេះត្រូវរៀបក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន។
ក្រៅពីនេះត្រូវរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។
បន្ទាប់មក នៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។
ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស នឹងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន៥ ធូប៥ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ។
ដោយឡែល ផ្លែឈើសម្រាប់ប្រជារាស្រ្ដគួររៀបឲ្យបានត្រឹម ៣ ឬ ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ៕