សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ​ដោយខ្យល់កន្ត្រាក់នៅស្រុកម៉ាឡៃ និងស្រុកព្រះនេត្រព្រះ

AKP បន្ទាយមានជ័យ ថ្ងៃទី១២​ ខែមេសា ឆ្នាំ២០១៩ -ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ​៤៥គ្រួសារ នៅក្នុងស្រុកម៉ាឡៃ​និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយពីសាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅបានមួយចំណែកបន្ទាប់ ពី គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះបានបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់កាលពីកន្លងមកនេះ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​រួមនិងក្រុមការងារបានដឹកនាំយកអំណោយសង្គ្រោះ បន្ទាន់នេះ​មានស្បៀងអាហារ សម្ភារប្រើប្រាស់ក្នុងគ្រួសារ និងថវិកាមួយចំនួនទៅចែកដោយ ផ្ទាល់ដៃ​ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤៥គ្រួសារនេះដែលស្ថិតនៅក្នុងឃុំ តាគង់ ស្រុកម៉ាឡៃ មានចំនួន ៣៦គ្រួសារ និងឃុំរហាល ឃុំឈ្នួរមានជ័យ ឃុំទានកាំ ក្នុងស្រុក ព្រះនេត្រព្រះ ចំនួន ៩គ្រួសារ កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យលោក លី សារី បានសម្ដែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ផ្ទះសម្បែងទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋយើងដោយសារគ្រោះមហន្តរាយនៃគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះដែលបាន​កើតឡើងមកលើមូលដ្ឋានបងប្អូនកាលពីចុងសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០១៩កន្លង មកនេះ។

លោកបានបញ្ជាក់ថា ទោះបីអំណោយដែលបានចែកជូនបងប្អូនមានតិចតួច តែនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់គិតគូរពីកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែជួយដោះស្រាយ​រាល់ការ លំបាករបស់ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការអ្វីឡើយ​។

លោក លី សារី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋយើងដែលទទួលរងគ្រោះរលំផ្ទះ សម្បែងត្រូវរួមសហការជាមួយអាជ្ញាធរដែនដីនិងក្រុមការងារដើម្បីធ្វើការជួសជុលផ្ទះសម្បែងឱ្យ​​បាន​សមរម្យឡើងវិញ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋយើង ទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈដែលមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ គប្បី ត្រូវតែប្រញាប់ប្រញាល់រកទីកន្លែងជ្រកដែលមានសុវត្ថិភាព។ ជាមួយនោះលោកក៏បានធ្វើការ ក្រើនរម្លឹកដល់​អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធសមត្ថកិច្ចពាក់ព័ន្ធទាំង អស់ត្រូវតែបន្តការយកចិត្តទុកដាក់ក្នុងការចុះជួយជាបន្ទាន់ដល់ប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះធម្មជាតិដោយប្រើប្រាស់​គ្រប់មធ្យោបាយទាំងអស់ ៕

ដោយ ឈុន សារ៉ាត