សិក្ខាសាលាស្ដីពីការត្រួតពិនិត្យ តាមដានការអនុវត្តផែនការសកម្មភាព និងយុទ្ធសាស្ត្រជាតិស្តីពីជីវៈចម្រុះនៅក្នុងប្រព័ន្ធតំបន់ការពារធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ -ថ្ងៃព្រហស្បត៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ ការត្រួតពិនិត្យ តាមដានការអនុវត្តផែនការសកម្មភាព និងយុទ្ធសាស្ត្រជាតិស្តីពីជីវៈចម្រុះ (NBSAP) នៅក្នុងប្រព័ន្ធតំបន់ការពារធម្មជាតិ ” ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបាននិយាយថា សិក្ខាសាលាស្ដីពីការត្រួតពិនិត្យ តាមដានការអនុវត្តផែនការសកម្មភាព និងយុទ្ធសាស្ត្រជាតិស្តីពីជីវៈចម្រុះ (NBSAP) នៅក្នុងប្រព័ន្ធតំបន់ការពារធម្មជាតិ រៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមការគាំទ្រពីគម្រោងកាំប៉ាស់ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើននាក់។

ប្រភពដដែលបានបន្តថា លោកជំទាវ ចាន់ សុម៉ាលី បានគូសបញ្ជាក់ថា ការអនុវត្តការត្រួតពិនិត្យ តាមដានការអនុវត្តផែនការសកម្មភាព និងយុទ្ធសាស្ត្រជាតិស្តីពីជីវៈចម្រុះ (NBSAP) នៅក្នុងប្រព័ន្ធតំបន់ការពារធម្មជាតិ គឺបានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងប្រើប្រាស់សេវាប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព ដែលបានរួមចំណែកដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

លោកជំទាវបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តកំណែទម្រង់ស៊ី ជម្រៅលើវិស័យបរិស្ថាន បានសម្រេចបង្កើតតំបន់ការពារធម្មជាតិដែលមានផ្ទៃដីសរុបចំនួន៤១ភាគរយ នៃផ្ទៃដីប្រទេស ដែលសម្រេចលើសពីការកំណត់នៅក្នុងគោលដៅជីវៈចម្រុះ (Aichi Target)ទី១១ ដែលកំណត់ឱ្យបង្កើតផ្ទៃដីតំបន់ការពារធម្មជាតិត្រឹមតែ ១៧ភាគរយ ក្នុងឆ្នាំ២០២០។ លោកជំទាវ ក៏បានផ្ដាំផ្ញើដល់សមាជិកអង្គសិក្ខាសាលាត្រូវយកចិត្តទុកដាក់ពិនិត្យលទ្ធផលអនុវត្តន៍ដែលសម្រេចបាន ថាតើបានសម្រេចតាមគោលដៅកំណត់កម្រិតណា នៅមានបញ្ហាប្រឈមអ្វីខ្លះដែលបានជួបប្រទះ? និងផ្ដល់យោបល់បន្ថែមដើម្បីពង្រឹងការអនុវត្ត និងយកទៅប្រើប្រាស់ជាធាតុចូលក្នុងការបន្តរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីអនុវត្តន៍នានានៅថ្ងៃអនាគត ក៏ដូចជាគាំទ្រដល់ការរៀបចំក្របខ័ណ្ឌការងារជីវៈចម្រុះក្រោយឆ្នាំ២០២០ (Post-2020) ផងដែរ។

ប្រភពខាងលើបានគូសបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះវាគ្មិនបានធ្វើបទបង្ហាញពីផែនការ សកម្មភាព និងយុទ្ធសាស្ត្រជាតិស្តីពីជីវៈចម្រុះ(NBSAP) និងផែនការសកម្មភាពដើម្បីអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ (២០១៨-២០២២) ដើម្បីជាមូលដ្ឋានសម្រាប់ការពិភាក្សាផ្ដល់យោបល់ និងបន្ស៊ីគ្នាក្នុងការអនុវត្តបន្តទៀត ជាពិសេសសម្រេចគោលដៅរួម គឺការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ពេជ្រ ណារិទ្ធ