ក្រឡេកមើលសមិទ្ធផល និងវឌ្ឍនភាពលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំចាស់ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ — បើក្រឡេកមើលអំពីសមិទ្ធផលសម្រាប់ឆ្នាំចាស់ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ បាន​កន្លងផុតទៅ ដោយផ្លាស់ជំនួសវិញ​​នូវ​ឆ្នាំថ្មី ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹង​ឈានចូលនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ បើទោះ​បី​កម្ពុជា​បានប្រឈមនឹងឧបសគ្គគ្រប់​បែប​យ៉ាងទាំងក្នុង​ និង​​ក្រៅប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិឱ្យ​មានវឌ្ឍន​ភាពលើ​គ្រប់​វិ​ស័​យ ពិសេសការពារបាន​នូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យភាព និង​បូរណភាពទឹកដី ការ​ពា​រ​​សមិទ្ធផលសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់​ស​កម្ម​ភាព​ដែលពាក់​ព័ន្ធ​នឹងបដិវត្តន៍ពណ៌ ឬការញុះញ៉ង់ណាមួយ បង្ក​ឱ្យមានអស្ថិរភាពនយោ​បា​យ​ ឬចលាចល​ក្នុង​សង្គមជាតិកម្ពុជា។ដោយឈរលើមូលដ្ឋានដែលប្រទេសជាតិមានសន្តិភាព និងស្ថិរភាពពេញលេញ ក្នុង​ឆ្នាំ​​២០១៨កន្លងមក តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៧.៥ភាគរយ ។ កំណើ​ន​ដ៏​រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្ត​សាល សំ​ណ​ង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម។ បើតាមការកត់សម្គាល់ឃើញថា កម្ពុជាកំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេស​ពឹង​ផ្អែក​​លើវិស័យកសិកម្ម ទៅជាប្រទេ​ស​​ដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ កម្ពុជាបានអនុវត្តន៍គោលនយោបាយ​ម៉ា​ក្រូ​សេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យ សេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញលើក​ក​ម្ពស់ការធ្វើពិពធកម្មសេដ្ឋកិច្ច ភាពប្រកួត​ប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុ​ង​ស្រុ​​ក។ ទំហំពាណិជ្ជកម្មអន្តរជាតិមាន​ប្រមាណជាង ២៩.៨០០លានដុល្លារអាម៉េរិក ចំណែក​ឯ​ការ​នាំចេញមានប្រមាណជាង១២. ៨០០ លានដុល្លារអាម៉េរិក។ អត្រាប្ដូរប្រាក់មានស្ថិរភាព អ​ត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិបានកើន​ឡើងជា​រៀ​​ងរាល់ឆ្នាំ អាស្រ័យដោយវិនិ​យោគ​ផ្ទាល់ពីបរទេសមានកំណើនល្អ និងតុល្យភាពនៃជញ្ជីង​ទូ​ទាត់ក៏មានភាពកាន់តែ​ប្រសើរ ឡើងដែរ។ ចំពោះកម្រិតជីវភាពរបស់ប្រជាជនកាន់តែមាន​ភាព​ល្អ​​​ប្រសើរ ដែលបង្ហាញតាម រយៈសូចនាករសង្គម ជាពិសេសការកើន​ឡើងនៃផលិតផលក្នុង​ស្រុក​​សរុប​(ផ.ស.ស) ជា មធ្យមសម្រាប់មនុស្សម្នាក់ពី១.០៤២ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៣ ដ​ល់​​​ប្រមាណ ១. ៥៦៣​ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៨។ អត្រាភាពក្រីក្រមានការធ្លាក់ចុះយ៉ាង​ខ្លាំ​ង​​ពី ៥៣.៥ភាគរយ ក្នុងឆ្នាំ២០០៤ បានធ្លាក់មកក្នុងរង្វង់ ៩ភាគរយ ក្នុងឆ្នាំ២០១៨ និងបន្តធ្លាក់​ចុះថែម​ទៀ​ត​​​នៅឆ្នាំ​២០១៩ ហើយគម្លាតនៃប្រាក់ចំណូលរបស់ប្រជាជន ក៏មានការធ្លាក់ចុះជាលំដាប់​ផង​ដែ​រ​។ រីឯការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តន៍ជាប់ជាប្រចាំ ស្របតាម​ការ​អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន និងការធ្វើ​ដំ​ណើររបស់ប្រជាពលរដ្ឋ។ រហូតមកដល់បច្ចុប្បន្ន សមិទ្ធផលជាច្រើក្នុងវិស័យហេដ្ឋារចនា​ស​ម្ព័​ន្ធ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះមានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ ស្ពានឆ្លង ​កា​ត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញ។ល។ ជាក់ស្ដែងក្នុងឆ្នាំ២០១៨កន្លងទៅ រាជរដ្ឋា​ភិបា​ល​បានដាក់ឱ្យដំណើរការផ្លូវជាតិលេខ៦ ដែលមានប្រវែង ២៤៣.៥៣គីឡូម៉ែត្រ ចាប់ពីថ្ន​ល់​​កែង​ ក្នុងខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ផ្លូវជាតិលេខ៥៨ ដែលមានប្រវែង ១៧៤.១៦​គីឡូ​ម៉ែត្រ ចាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ចំ​ណត​កំពង់ផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ស្ពានឆ្លងកាត់ព្រំ​ដែន​រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ពីភូមិស្ទឹងបត់ ក្រុងប៉ោយប៉ែត ខេត្ត​បន្ទា​យមានជ័យ ទៅភូមិណងអៀន ស្រុកអារញ្ញប៉ាថេត ខេត្តស្រះកែវ ដែលមានប្រវែង ១៣០​ម៉ែ​ត្រ ស្ពានមិត្តភាពកម្ពុជា ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដែលមានប្រវែង៩៧១ម៉ែត្រ កាលពីពេលថ្មីៗនេះ និង​ការបើកការដ្ឋានស្ថាបនាផ្លូវ​ល្បឿន លឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលមានប្រវែងជាង១៩​០​គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់​សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដ​ល់​ភូមិ១ សង្កាត់លេខ៣ ក្រុង​ព្រះ​សីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ​២០​១៩​ ហើយចំណាយថវិកា​ប្រមាណ​២ពាន់លានដុល្លារអាម៉េរិក ក្រោមរូបភាពសាងសង់ ធ្វើ​អា​ជីវ​ក​ម្ម​ និងផ្ទេរ (B.O.T) ដែលនឹង​គ្រោង​បញ្ចប់រយៈពេល៤៨ខែជាដើម។ ចំពោះវិស័យថាម​ពល​អ​គ្គិ​សនីវិញ នៅឆ្នាំ២០១៨​កន្លងទៅ បរិមាណដែលផ្គត់ផ្គង់ដោយវារីអគ្គិសនី និងរោងចក្រអគ្គិសនី​ដុ​ត​​ធ្យូងថ្ម ដែលជា​ប្រភពថាមពលផ្ទាល់របស់កម្ពុជា សម្រេចបានជាង ៩.៦ពាន់លានគីឡូវ៉ាត់​ម៉ោ​ង បានកើន​ឡើងប្រមាណ ២៤.៨៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ការតភ្ជាប់ខ្សែ​បណ្ដា​ញ​ចរន្តឱ្យដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីរហូតដល់ឆ្នាំ២០១៨នេះ ដែល ចំពោះ​គេ​ហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធ បានកើនដល់ប្រមាណ ២.៥៥លានខ្នងផ្ទះ ត្រូវជា​ប្រមាណ៧២.១៦ភាគរយ នៃចំនួនផ្ទះសរុបប្រមាណ៣.៣៨លានខ្នង និងគ្របដណ្ដប់​ដល់ភូមិ​ប្រមាណ៨៧​ភាគរយ នៃចំនួនភូមិសរុប១៤.៣៨៣ភូមិនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែង ក្នុងឆ្នាំ​២០​១​៨​កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការវារីអគ្គិសនី​សេសាន​ក្រោម២ ដែលមានអានុ​ភាព​៤០០​មេហ្គាវ៉ាត់ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង។ វិស័យ​កសិកម្ម ដោយសារអាកាសធាតុ​មា​នលក្ខណៈ​អំណោយផលល្អសម្រាប់ការបង្ក​បង្កើនផល​ដំណាំស្រូវនៅទូទាំងព្រះ​រាជាណា​ច​ក្រ​កម្ពុជា បានធ្វើឱ្យបរិមាណផលិតផលស្រូវរដូវវស្សា និង ស្រូវរដូវប្រាំង សម្រេចបានប្រមា​ណ​ជា​ង១០.៦លានតោន កើនឡើងជាផលិតផល​ស្រូវវស្សា និងស្រូវប្រាំងក្នុងឆ្នាំរកា នព្វស័ក ព.​ស​ ២៥៦១ ប្រមាណ ២.៦៣ភាគរយ និងសល់ស្រូវជាង ៦.២លានតោន គិតជាអង្ករប្រមាណជាង៤​លា​នតោន សម្រាប់បម្រើឱ្យការនាំចេញ។ ចំណែក ការនាំអង្ករចេញទៅកាន់ទីផ្សារបរទេសបានជាង៦​២ម៉ឺនតោន។ ចំពោះវិស័យឧស្សាហកម្ម និងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់ ដែល​មក​​ដល់បច្ចុប្បន្ន រោងចក្រសរុបមានចំនួន ជាង១.៥០០រោងចក្រ ដែលភាគច្រើនជារោង​ចក្រ​កាត់​ដេរសម្លៀកបំពាក់ ស្បែកជើង និងមាន ឧស្សាហកម្មមធ្យម តូច និងសិប្បកម្មជាង ១៥៦.៨​៩​០​មូលដ្ឋាន ហើយដែលបានស្រូប កម្លាំង ពលកម្មសរុបប្រមាណជាង១លាននាក់។ ស្របនឹង​កា​រ​រីកចម្រើនវិស័យឧស្សាហកម្ម និង​សិប្បកម្ម រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជីវភាព​រស់​នៅ​ចំពោះកម្មករ និយោជិត ដោយបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត ផ្នែកវាយនភ័ណ្ឌ កាត់ដេរ និង​ផលិតស្បែកជើងកើនឡើងដល់១៨២ដុល្លារអាម៉េរិក ដោយ​មិន​ទាន់​គិតទៅដល់ការទទួលបាន​នូវអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀត ពីការអនុវត្តគោលនយោ​បា​យ គាំពារសង្គមរបស់​រាជ​រដ្ឋាភិបាល។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បាន និងកំពុងជួយ​ពល​ករ​​កម្ពុជា ដែលធ្វើការនៅ​បរទេស​មានប្រមាណជាង ១.២លាននាក់ មានជាអាទិ៍ ប្រទេសថៃ សា​​ធារ​ណរដ្ឋកូរ៉េ ប្រទេស ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ក្នុងការធានានូវផល​ប្រយោ​ជ​​ន៍​ស្របច្បាប់ និង មុខជំនាញបច្ចេកទេស។ ចំពោះវិស័យសំណង់មានការរីកលូតលាស់ ដោ​យ​មានអគារខ្ពស់ៗ ប្រមាណជាង ១.០៨០អគារ ចាប់ពី៥ជាន់ ទៅ៤០ជាន់ឡើង ក្នុងរាជ​ធា​នី​ភ្នំ​​ពេញ និងតាម​បណ្ដា​​ខេត្តមួយចំនួន។ ភ្ញៀវទេសចរអន្តរជាតិក៏បានចូលមក​ព្រះរាជា​ណា​ចក្រ​កម្ពុជា មាន​ចំនួនប្រមាណជាង ៦.២លាននាក់ កើនឡើងប្រមាណ ១០.៧ភាគរយ បើ​ប្រៀ​ប​​ធៀប​នឹង​ឆ្នាំ២០១៧ បានបង្កើតការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋកម្ពុជា មានប្រមាណ​ជា​ង​ ៦២​ម៉ឺននាក់ និងដោយប្រយោលប្រមាណជាង ១លាននាក់។ ចំណូលពីវិស័យទេសចរណ៍ បា​ន​ប្រមាណ ជាង៤.៣៥៦លានដុល្លារអាម៉េរិក មានការកើន១៥.១៣ភាគរយ ហើយចំណូល​ពី​កា​រ​ល​ក់​​ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណ១១៦លានដុល្លារអាម៉េរិក ដែល​មា​ន​ភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណ២.៦លាននាក់ កើន៥.៤៥ភាគរយ បើប្រៀប​ធៀ​ប​នឹងឆ្នាំ២០១៧។

ចំពោះការងារការបរទេសវិញ រាជរដ្ឋាភិបាលបានខិតខំបំពេញ បេសកក​ម្ម​​ការទូតនៅ​លើឆាកអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ ដោយទទួល​បា​ន​នូវ​លទ្ធ​ផលប្រកបដោយផ្លែផ្កា ជាអាទិ៍ កិច្ចប្រជុំទូទៅលើកទី៣៧នៃមហាសន្និបាត​អង្គការ​ស​ហ​ប្រជា​ជាតិ កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហ​រដ្ឋ​អា​មេ​រិក និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែ​តុ​លា​ ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ហើយកិច្ចប្រជុំនេះ​ក៏បានអនុម័ត​គាំ​ទ្រ​ឱ្យ​ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ​២​០​២០។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមចំណែកបញ្ជូនកង​យោធពលខេម​រភូមិ​ន្ទ​ជា​បន្តបន្ទាប់ ទៅចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារ​ណ​រដ្ឋ​លី​បង់ សាធារណរដ្ឋស៊ូដង់ខាងត្បូង សាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋអាហ្វ្រិក កណ្ដាល ដែ​លមកដល់បច្ចុប្បន្នមានចំនួន ៨១៣នាក់ ក្នុងនោះស្រី ៦៦នាក់។

ជាមួយគ្នានេះដែរ រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅ គឺអា​ស្រ័យ​ដោយមាន​កា​រ​ដឹកនាំ​ខាងនយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូល​រួមគាំទ្រពីសមា​ជិក​ស​មា​ជិ​កានៃស្ថាប័ននីតិប្បញ្ញត្តិ សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រី​រាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងគាំទ្រយ៉ាងពេញទំ​ហឹង​ពី​ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រ​ដ៏ស្មោះសពី​បណ្ដាប្រ​ទេស​ជា​មិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិផងដែរ៕

ដោយ ជឹម ណារី