កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ តាមទីប្រជុំជនក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ — ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរខាងមុខ កាកបាទក្រហមកម្ពុជាបានបើកយុទ្ធនាការផ្សព្វផ្សាយសារសុវត្ថិភាព ចរាចរណ៍នៅទីប្រជុំជនតាមគោលដៅចំនួន៤សំខាន់ៗក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា លោកជំទាវ ពុំ ចន្ទីនី អគ្គ លេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ក្រុមហ៊ុន Pass App និងអ្នកបើកបរម៉ូតូកង់បី ដែលបានចូលរួមដោយស្ម័គ្រចិត្តចេញពីបេះដូងក្នុងយុទ្ធនាការ ផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ ប្រជាពលរដ្ឋ តាមដងផ្លូវឱ្យរួចផុតពីសេចក្តីស្លាប់ ពិការភាព និងរងរបួស ដោយសារឃាតករ លាក់មុខ គឺគ្រោះថ្នាក់ចរាចរដែលជាគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស ជាពិសេសក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានលើកឡើងថា សារសុវត្ថិភាព ចរាចរណ៍ក្នុងយុទ្ធនាការនេះ គឺស្របតាមខ្លឹមសារគោលរបស់គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោកដែលមានខ្លឹមសារថា៖ ១. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ ២. សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញ លើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល។ ៣. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រ យានយន្ត។ ៤. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។ ៥. ត្រូវ គោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ៦. មិនត្រូវបើកបរលើស ល្បឿនកំណត់ជាដាច់ខាត។ ៧. មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន ជាដាច់ខាត។ ៨. មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស។ ៩. មិនត្រូវ បើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។ ១០. ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ និង១១. ហាមការបាចទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ៕

ដោយ សាយ សុន (រូបថត៖ កាកបាទក្រហមកម្ពុជា)